ក្រសួងព័ត៌មានស្នើឱ្យបណ្តាស្ថាប័នព័ត៌មាន រាល់ការធ្វើដំណើរនិងការចុះយកព័ត៌មាននៅសមរភូមិជួរមុខ ត្រូវមានការជូនដំណឹងនិងស្នើសុំការអនុញ្ញាតពីក្រសួងព័ត៌មាន និងសមត្ថកិច្ច នៅសមរភូមិមុខ
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--
ក្រសួងព័ត៌មានបានសេចក្តីណែនាំ ស្តីពី ការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានផ្តល់ផលអវិជ្ជមានដល់សន្តិសុខជាតិ ដោយស្នើឱ្យបណ្តាស្ថាប័នព័ត៌មាន រាល់ការធ្វើដំណើរនិងការចុះយកព័ត៌មាននៅសមរភូមិជួរមុខ ត្រូវមានការជូនដំណឹងនិងស្នើសុំការ អនុញ្ញាតពី ក្រសួងព័ត៌មាន និងសមត្ថកិច្ច នៅសមរភូមិមុខ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥បានលើកឡើងថា នៅក្នុងកាលៈទេសៈ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងរួមគ្នាជាធ្លុងមួយក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងបុព្វហេតុការពារ អធិបតេយ្យនិងបូរណភាពទឹកដី ប្រឆាំងនឹងសកម្មភាពឈ្លានពានប្រដាប់អាវុធដោយកងទ័ពថៃ និងបច្ចុប្បន្ន បាននិងកំពុងអនុវត្តបទឈប់បាញ់ជាបន្ទាន់និងគ្មានលក្ខ ខណ្ឌដើម្បីស្តារឡើងវិញនូវប្រក្រតីភាព, ក្រសួងព័ត៌មានបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងមួយចំនួន បានធ្វើការផ្សព្វផ្សាយរូបភាពពីសមរភូមិជួរមុខ ដោយបានបង្ហាញទីតាំងលេណដ្ឋានកងទ័ព សព្វាវុធ យុទ្ធោបករណ៍ ការសម្ងាត់របស់កងទ័ព និងយុទ្ធសាស្ត្រប្រយុទ្ធ ដែលអាចធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ អាយុជីវិតរបស់ យុទ្ធជន និងការបំពេញបេសកកម្មក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបានលើកឡើងថា ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ ក្រសួងព័ត៌មានសូមណែនាំដល់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាព ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ដូចតទៅ៖ រាល់ការធ្វើដំណើរនិងការចុះយ កព័ត៌មាននៅ សមរភូមិជួរមុខ ត្រូវមានការជូនដំណឹងនិងស្នើសុំការអនុញ្ញាតពីក្រសួងព័ត៌មាន និងសមត្ថកិច្ច នៅសមរភូមិមុខ ហើយត្រូវកាត់បន្ថយជាអតិប្បរមា ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួននិងសន្តិសុខជាតិ និងត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ហាមផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រា ស់គ្រឿងសព្វាវុធ យុទ្ធោបករណ៍ និងការសម្ងាត់របស់កងទ័ព ដែលធ្វើឱ្យអន្តរាយដល់ សន្តិសុខជាតិនិងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។ រាល់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានត្រូវធានាថា មិនធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ ការបែកបាក់សាមគ្គីភាពជាតិ ការបំបាក់ទឹកចិត្តកងទ័ព ទំនាក់ទំនងជាមួយប្រទេសដទៃ ការបង្កអរិភាពជាតិ សាសន៍ សិទ្ធិបុគ្គល សាធារណមតិជាតិ និងអន្តរជាតិ ដោយចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយប្រភពព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
ជាមួយគ្នានោះដែរក្រសួងព័ត៌មានបន្ថែមចំពោះការប្រព្រឹត្តផ្ទុយនឹងសេចក្តីណែនាំនេះ ក្រសួងព័ត៌មាននឹងមានវិធានការតាមផ្លូវច្បាប់។ ក្រសួងព័ត៌មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អ្នកសារព័ត៌មានអាជីព និងអ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងទាំងអស់ នឹងអនុវត្តតាមសេចក្តីណែនាំ នេះឱ្យមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះក្រសួងព័ត៌មានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំ ចែករំលែកព័ត៌មានមិនពិតនិងរួមចំណែកក្នុងការពារសេចក្តីពិត សន្តិភាព និងសាមគ្គីភាពជាតិ។ ការចូលរួម របស់អ្នកសារព័ត៌មាន និងសាធារណជន នឹងជួយទប់ស្កាត់និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងបំភ័ន្តសភាពការណ៍ពិតជាក់ស្តែងពីកម្ពុជា ដែលភាគីម្ខាងទៀតបានខិតខំព្យាយាម ប្រឌិតឡើងដើម្បីបង្កើតលេសឈ្លានពានបូរណភាពទឹកដីកម្ពុជា៕
ដោយ៖ ប៊ុនរិទ្ធ





