អភិបាលខេត្តបន្ទាយមានជ័យនាំយកអំណោយរបស់សម្ដេចធិបតី ជូនជនភៀសខ្លួនជាង៦០០គ្រួសារនៅស្រុកម៉ាឡៃ
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយឯកឧត្ដម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែសីហា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនជនភៀសខ្លួនជាង៦០០គ្រួសារ ដែលបានជម្លៀសខ្លួនពីតំបន់ព្រំដែន មកកាន់ទីទួលសុវត្ថិភាពក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្ដម អ៊ុ រាត្រី បានពាំនាំនូវការផ្តាំផ្ញើសារសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនជនភៀសខ្លួនទាំងអស់។ ឯកឧត្តមបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខ និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោក ខៀវ សារ៉ាត់ តំណាងប្រជាពលរដ្ឋដែលទទួលបានអំណោយ បានបង្ហាញពីក្ដីរំភើប និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់ថ្នាក់ដឹកនាំ។ លោកបានថ្លែងថា "ខ្ញុំ និងប្រជាពលរដ្ឋទាំងអស់ ពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ សម្ដេចធិបតី និងលោកជំទាវ ដែលបានគិតគូរពីសុខទុក្ខពួកខ្ញុំ ក្នុងគ្រាលំបាកនេះ។ អំណោយទាំងនេះ គឺជាការលើកទឹកចិត្តដ៏ធំធេង និងជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកយើងបានមួយកម្រិតធំ"។

សូមជម្រាបជូនថា អំណោយដែលបានចែកជូនដល់ជនភៀសខ្លួនទាំង៦០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម មីចំនួន១ កេស ទឹកសុទ្ធវីតាល់ចំនួន១កេស ទឹកត្រី ចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខចំនួន១យួរ។ អំណោយទាំងអស់នេះមិនត្រឹមតែជាសម្ភារឧបភោគបរិភោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋដែលជួបការលំបាកផងដែរ៕
ដោយ ឈុន សារ៉ាត





