អង្គការ CI បង្ហាញដំណឹងថ្មីអំពីប្រទះការឃើញសត្វស្វាកន្ទុយសជើងក្រហម ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--
ប្រទះឃើញសត្វស្វាកន្ទុយសជើងក្រហម (Red-shanked Douc Langur) ដ៏កម្រនៅឧទ្យានជាតិវើនសៃ-សៀមប៉ាង ប្រទេសកម្ពុជា។ ក្រុមការងារស្រាវជ្រាវចម្រុះរួមមានអ្នកស្រាវជ្រាវមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) និងអង្គការ Wild Earth Allies បានប្រទះនិងកត់ត្រានូវវត្តមានសត្វស្វាកន្ទុយសជើងក្រហមនៅឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលជាប្រភេទសត្វស្វាដែលកំពុងរងគ្រោះជិតផុតពូជបំផុតមួយនៅកម្ពុជា។

រយៈពេល៣០ឆ្នាំចុងក្រោយនេះ ចំនួនសត្វស្វាកន្ទុយសជើងក្រហម (Red-shanked Douc Langur) បានធ្លាក់ចុះប្រមាណ៨០ភាគរយនៅទូទាំងពិភពលោក។ ប្រភេទសត្វនេះពិបាកនឹងមើលឃើញក្នុងព្រៃណាស់ ដោយសារវាមានភាពរហ័សរហួន និងចូលចិត្តរស់នៅលើចុងឈើខ្ពស់ៗ ដោយប្រើដៃ និងកន្ទុយវែងរបស់វាដើម្បីយោល និងលោតពីដើមឈើមួយទៅដើមឈើមួយទៀត។
លោក អ៊ុ សូនី នាយកប្រចាំប្រទេសនៃអង្គការ CI មានប្រសាសន៍នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ «គំហើញថ្មីនេះបង្ហាញពីសារៈសំខាន់ជាសាកលនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលជាជម្រកដ៏ចាំបាច់សម្រាប់សត្វព្រៃកម្រៗ ហើយវាក៏ជាភស្តុតាងនៃលទ្ធផលក្នុងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការអភិរក្សសត្វពានរនៅកម្ពុជាដែរ។ ទីជម្រកធម្មជាតិដ៏មនោរម្យមួយនេះ ផ្តល់ប្រយោជន៍លើសលប់ដល់មនុស្សជាតិ តាមរយៈសេវាប្រព័ន្ធអេកូឡូស៊ី អេកូទេសចរណ៍ធម្មជាតិ និងការស្រូយកកាបូនពីបរិយាកាសជាដើម។ អង្គការ CI បន្តប្តេជ្ញាចិត្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ដៃគូ បន្តកិច្ចសហការល្អនឹងគ្នា ដើម្បីការពារសត្វព្រៃ និងជម្រករបស់ពួកវាសម្រាប់ជាប្រយោជន៍យូរអង្វែងដល់មនុស្ស និងធម្មជាតិ។»
គួរដឹងថា ការងារនេះជាផ្នែកមួយនៃកិច្ចការងារស្រាវជ្រាវ និងតាមដានវត្តមានសត្វព្រៃ ក្នុងភាពជាដៃគូរវាងក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង អង្គការ Wild Earth Allies និងដៃគូពាក់ព័ន្ធដទៃទៀតក្នុងការស្តារ និងការពារជីវៈចម្រុះដ៏កម្រនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង៕
ដោយ ណយ នឿន (ប្រភព៖ CI)





