អង្គការយូនីសេហ្វផ្តល់សម្ភារគាំទ្រការអប់រំ និងកីឡាសម្រាប់កុមាររងគ្រោះ
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--
អង្គការយូនីសេហ្វ (UNICEF Cambodia - ដើម្បីកុមារគ្រប់រូប) បានប្រគល់ជូននូវសម្ភារគាំទ្រការអប់រំ និងកីឡា ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឧបត្ថម្ភដល់កុមាររងគ្រោះ ក្នុងនោះរួមមានឧបករណ៍អប់រំដំបូង (ECD kits) សម្ភារសម្រាប់ការបង្រៀន និងរៀន (School-in-a-Box ) តង់សិក្សា ក្តារខៀន សៀវភៅគំនូរ ប៊ិក គូល័រ ក្រដាសពណ៌ បាល់ទាត់ បាល់ទះ និងសម្ភារសិក្សាជាច្រើនទៀត រួមទាំងឧបករណ៍ចម្រោះទឹកដើម្បីធានាបាននូវទឹកស្អាតសម្រាប់កុមារផងដែរ។

ក្នុងពិធីប្រគល់ និងទទួលសម្ភារនេះ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុង ជិនណា អគ្គនាយកអប់រំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូនីសេហ្វ ដែលបានរួមចំណែកជួយដល់កុមារកម្ពុជា ដើម្បីស្ដារឡើងវិញនូវយន្តការប្រើប្រាស់ទឹកស្អាត និងការចូលរួមចំណែកស្ដារវិស័យអប់រំនៅកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា មានក្ដីរំពឹងថា ការរៀនសូត្រ និងសកម្មភាពកម្សាន្តតាមរយៈសម្ភារអប់រំទាំងនេះនឹងនាំមកនូវស្នាមញញឹម និងក្តីសង្ឃឹមដល់កុមារដែលកំពុងត្រូវការជំនួយ និងស្នាមញញឹម៕

ដោយ៖ ចាន់ សុភឿន





