ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ អត្រាពន្ធ១៩%ពីអាមេរិក អាចឱ្យកម្ពុជារក្សាភាពប្រកួតប្រជែងនៅក្នុងតំបន់ និងធានាបាននូវការងារសម្រាប់ប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កម្ពុជាអាចរក្សាភាពប្រកួតប្រជែងរបស់ខ្លួនជាមួយនឹងប្រទេសនៅក្នុងតំបន់បាន និងស្នើសុំឱ្យពលរដ្ឋកម្ពុជាវិលត្រឡប់មកធ្វើការនៅក្នុងប្រទេសវិញ បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់អត្រាពន្ធកម្ពុជាមកត្រឹម១៩ភាគរយ។

ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មានស្តីពីលទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ជាមួយនឹងអត្រាពន្ធ ១៩ភាគរយនេះ កម្ពុជាអាចប្រកួតប្រជែងជាមួយនឹងប្រទេសនៅក្នុងតំបន់បាន និងអាចឈ្នះទៀត។
ឯកឧត្តមបានគូសបញ្ជាក់ថា៖ “អត្រាពន្ធស្មើគ្នា ប៉ុន្តែតម្លៃពលករយើងទាបជាង និងក្មេងជាង ហើយប្រទេសយើងនៅចំកណ្ដាលទន្លេមេគង្គ និងច្បាប់វិនិយោគនៅកម្ពុជា គឺមានច្បាប់លើកទឹកជាច្រើនជូនទៅដល់អ្នកវិនិយោគ។ ច្បាប់ការវិនិយោគនៅកម្ពុជា គ្មានការរើសអើងចំពោះអ្នកវិនិយោគបរទេស ឬក៏អ្នកវិនិយោគកម្ពុជាទេ។ ដូច្នេះច្បាប់វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងវិនិយោគ ទាំងផ្លូវ ស្ពាន និងព្រលាន កំពង់ផែទាំងនេះ ដែលធ្វើឱ្យតម្លៃនៃការដឹកជញ្ជូននៅកម្ពុជាតម្លៃប្រកួតប្រជែងបាន”។
ឯកឧត្តមបានបន្ថែមថា កម្ពុជានឹងបន្តខិតខំប្រឹងប្រែងកែសម្រួលនីតិវិធីផ្សេងៗទៀត កាត់បន្ថយនីតិវិធី និងកាត់បន្ថយតម្លៃផលិតកម្មនៅកម្ពុជា។ ទន្ទឹមគ្នានេះ ឯកឧត្តមក៏បានអំពាវនាវទៅប្រជាពលរដ្ឋខ្មែរ ដែលធ្វើការចំណាកស្រុក អាចអញ្ជើញត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមបានលើកឡើងថា៖ “រហូតដល់ថ្ងៃទី២៥ ខែមិថុនានេះ គម្រោង៤២៦ ដែលយើងបានអនុម័តនេះ គឺបង្កើតការងារជាង៣០ម៉ឺនកន្លែង ដោយភាគច្រើនលើវិស័យឧស្សាហកម្ម។ ខ្ញុំជឿជាក់ថា យើងនឹងអាចធ្វើបានលើការស្នើសុំឱ្យមានការបណ្ដាក់ទុននៅកម្ពុជាលើសពី៥០០គម្រោង។ អត្រាពន្ធ១៩ភាគរយនេះ យើងសង្ឃឹមត្រូវណាស់ អ៊ីចឹងយើងនឹងអាចបង្កើតការងារលើសពី៣០ម៉ឺនកន្លែង នៅក្នុង១ឆ្នាំ ជូនទៅប្រជាពលរដ្ឋរបស់យើង”។
គួរបញ្ជាក់ដែរថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជា ត្រឹម១៩ប៉ុណ្ណោះ បន្ទាប់ពីកិច្ចចរចារវាងកម្ពុជា និងភាគីអាមេរិក។ គិតត្រឹម៦ខែដំបូងនៅឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញប្រមាណជាង៥,៥ពាន់លានដុល្លារទៅកាន់ទីផ្សារអាមេរិក កើនឡើង២៥,៦ភាគ និងនាំចូលប្រមាណជាង១៦៤លានដុល្លារ កើនឡើង២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕
ដោយ៖ ស្រីពេជ្រ





