កម្មវិធី Capfish-Aquaculture បណ្តុះបណ្តាលវិស័យវារីវប្បកម្មដល់ប្រជាកសិករនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--
ប្រភពពីកម្មវិធីខាបហ្វីសអាក្វ័រខាល់ឆ័រ Capfish-Aquaculture បានឱ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមការងារកម្មវិធី ខាបហ្វីសអាក្វ័រខាល់ឆ័រ បណ្តុះបណ្តាលប្រជាកសិករ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នស្រាវជ្រាវ គ្រូបណ្តុះបណ្តាល ប្រជាកសិករ និងក្រុមអ្នកបង្កើតគោលនយោបាយ ដើម្បីនាំមកនូវការកែលម្អចេញជាលទ្ធផលជាក់ស្តែងនៅទូទាំងវិស័យវារីវប្បកម្មនៅកម្ពុជា។

ការបណ្តុះបណ្តាលទាំងនេះគឺជាសមទ្ធិផលចុងក្រោយដែលយើងសម្រេចបានរួមគ្នា គឺការសិក្សាស្រាវជ្រាវ យើងបានគាំទ្រមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីបង្កើតវិធីបង្កាត់ពូជជីវសុវត្ថិភាពសម្រាប់ប្រភេទពូជត្រី សំខាន់ៗចំនួន១២ប្រភេទ និងបានសាកល្បងជម្រើសចំណីផលិតក្នុងស្រុកដែលជួយកាត់បន្ថយការចំណាយ និងកែលម្អសុខភាពត្រី។ យើងបានចែករំលែកចំណេះដឹង ដល់កសិករជាង ២ ០០០នាក់ ដែលប្រមាណ៣៤ភាគរយជាស្ត្រី ទទួលបានការបណ្តុះបណ្តាលក្នុងការអនុវត្តវារីវប្បកម្មប្រកបដោយភាពឆ្លាតវៃ និងការអនុវត្តវារីវប្បកម្មល្អនៅទូទាំងខេត្តគោលដៅទាំង១០។ យើងក៏បានជួយដល់សាកលវិទ្យាល័យចំនួន៤ គ្រូបង្គោលថ្នាក់ជាតិចំនួន២៥រូប និងគ្រូបង្គោលក្នុងស្រុកចំនួន១៨រូប នាំយកវារីវប្បកម្មទៅផ្សព្វផ្សាយក្នុងថ្នាក់រៀន និងសហគមន៍។ ការបណ្តុះបណ្តាលអភិបាលកិច្ច ដោយផ្តើមចេញពីការកែលម្អបន្ថែមលើសេចក្តីព្រាងប្រកាស រហូតដល់ការជួយដល់សមាគមវារីវប្បករនៅកម្ពុជា យើងកំពុងរួមគ្នាធានាថាវិស័យនេះរីកចម្រើនប្រកបដោយនិរន្តរភាព ដោយមាននូវប្រព័ន្ធនិងការគាំទ្រសម្រាប់កសិករកាន់តែប្រសើរឡើង។

កិច្ចខិតខំប្រឹងប្រែងទាំងនេះកំពុងជួយកសាងវិស័យវារីវប្បកម្មមួយដែលមិនត្រឹមតែផ្តោតសំខាន់លើផលិតភាពប៉ុណ្ណោះទេ ប៉ុន្តែជាវិស័យមួយដែលប្រកបដោយនិរន្តរភាព បរិយាបន្ន និងចូលរួមដឹកនាំដោយសហគមន៍៕

ដោយ ណយ នឿន (ប្រភព៖ Capfish-Aquaculture)





