ឯកឧត្តម ឌិត ទីណា និងក្រុមការងារ បាននាំយកស្បៀងជូនជនភៀសសឹកបានជាង៧០០០គ្រួសារ ក្នុងរយៈពេលប្រចាំការពេញមួយសប្ដាហ៍
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហាឆ្នាំ២០២៥--
ចាប់តាំងពីការផ្ទុះអាវុធនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មកប្រចាំការត្រៀមអន្តរាគមន៍គាំពារថែទាំប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលបានភៀសខ្លួនមកទីតាំងសុវត្ថិភាពក្នុងក្រុង-ស្រុកទាំង៩របស់ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលមួយចំនួនធំបានភៀសខ្លួនចេញពីជុំវិញសមរភូមិសឹកប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសួរសុខទុក្ខពុកម៉ែបងប្អូនដែលបានភៀសខ្លួនពីតំបន់ព្រំដែនខេត្តបន្ទាយមានជ័យផ្ទាល់ មករកទីតាំងសុវត្ថិភាពនៅស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណផងដែរ។

ជានិច្ចកាល ឯកឧត្តមរដ្ឋមន្ត្រីបាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបានបន្តចាត់ចែងការចែកចាយអំណោយបរិច្ចាគដោយសប្បរសជនជូនពុកម៉ែបងប្អូន និងកងកម្លាំងជួរមុខ។ បន្ថែមពីលើការចុះសួរសុខទុក្ខពុកម៉ែបងប្អូន ឯកឧត្តមរដ្ឋមន្ត្រីបានតាមដានស្ថានភាពតំបន់ព្រំដែនខេត្តបន្ទាយមានជ័យយ៉ាងដិតដល់ ព្រមទាំងបានចុះពិនិត្យស្ថានភាពផ្ទាល់នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ។

ក្នុងរយៈពេលប្រចាំការពេញមួយសប្តាហ៍នេះក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត បាននាំយកស្បៀងជូនពុកម៉ែបងប្អូនភៀសសឹកបានជាង៧០០០គ្រួសារ។ ការផ្ដល់សេវាគាំពារ និងការចែកស្បៀង នឹងបន្តរហូតដល់ពុកម៉ែបងប្អូនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ នៅពេលស្ថានភាពតំបន់ព្រំដែនមានស្ថិរភាព៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





