ទាហានខ្មែរពីររូប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ត្រូវបានបញ្ជូនត្រលប់មកមាតុប្រទេសវិញ
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២៥--ទាហានខ្មែរពីររូប ក្នុងចំណោមកងកម្លាំងកម្ពុជាទាំង២០រូប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥មក ត្រូវបានបញ្ជូនត្រលប់មកមាតុប្រទេសវិញ នាវេលាម៉ោងប្រហែល១១ព្រឹក ថ្ងៃទី០១ ខែសីហា តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ នេះបើយោងតាមអ្នករាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការចរចា ហើយក៏កំពុងជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងកម្ពុជាដែលនៅសេសសល់ មកវិញឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ជាមួយគ្នានេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កម្ពុជាក៏បានស្នើម៉ាឡេស៊ីដែលជាប្រធានអាស៊ានឱ្យជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់កងកម្លាំងកម្ពុជាត្រលប់មកវិញ។

លោកជំទាវ អ្នកនាំពាក្យ បានអះអាងថា ក្រសួងការពារជាតិ កងយោធពខេមរភូមិន្ទនឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ»៕

ដោយ នីកា





