ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបប្រធានកម្មវិធីសវនកម្មមកពីការិយាល័យកណ្តាល Gavi ហ្សឺណែវ
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Charity Tusiime Head Program Audit Anglophone ប្រធានកម្មវិធីសវនកម្ម មកពីការិយាល័យកណ្តាល Gavi ហ្សឺណែវ និងក្រុមការងារ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដើម្បីរាយការណ៍ពីលទ្ធផលរបស់សវនកម្ម គម្រោងដែលទទួលបានជំនួយពីអង្គការ។

លោកស្រីប្រធានកម្មវិធីបានថ្លែងអំណរគុណឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រុមការងារសុខាភិបាលកម្ពុជា ដោយបានជម្រាបជូនអំពីកិច្ចការសវនកម្មគម្រោងរាល់៥ឆ្នាំម្តង សម្រាប់ប្រទេសដែលបានទទួលជំនួយពី Gavi។ លោកស្រីប្រធានកម្មវិធីបានលើកពីកម្ពុជាដែលជាប្រទេសគំរូលើការអនុវត្តន៏បានល្អប្រសើរដោយបានចូលរួមជាមួយ Gavi លើតម្លាភាព និងគណនេយ្យភាព កំឡុងសវនកម្មនេះ ដែលគ្របដណ្តប់ដោយគម្រោង ពីឆ្នាំ២០២០និងបាន ដល់ ឆ្នាំ២០២៤ នៅរាជធានី-ខេត្ត មួយចំនួន។ ជាលទ្ធផលនៃសវនកម្ម បង្ហាញថា កម្ពុជាបានផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រិល បានល្អ និងការគ្រប់គ្រងវ៉ាក់សាំងបានល្អផងដែរ។ ទន្ទឹមនឹងនេះ ក៏នៅមានកិច្ចការមួយចំនួនដែលអាចត្រូវខិតខំបន្ថែមទៀតដូចជា កសាងធនធានមនុស្សបន្ថែម ការកែសម្រួលយុទ្ធសាស្ត្រជាតិចាក់ថ្នាំបង្ការឱ្យស្របតាមផែនការយុទ្ធសាស្ត្រសាកលរបស់ Gavi 6.0 (2026-30) ជាដើម។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការ Gavi អំពីរបាយការណ៍លទ្ធផល នៃសវនកម្មដែលមានទាំងលទ្ធផលល្អៗជាច្រើនដែលសុខាភិបាលសម្រេចបានល្អច្រើនឆ្នាំមកនេះ និងរួមទាំងចំណុចដែលត្រូវខិតខំបន្ថែមទៀត។ របកគំហើញទាំងនេះ គឺជាធាតុចូលយ៉ាងសំខាន់ សម្រាប់ពង្រឹងកម្មវិធីជាតិចាក់ថ្នាំបង្ការ និងរៀបចំកែសម្រួលយុទ្ធសាស្ត្រជាតិចាក់ថ្នាំបង្ការឱ្យស្របតាមផែនការយុទ្ធសាស្ត្រសាកលរបស់ Gavi 6.0 (2026-30) នាពេលខាងមុខនេះ៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





