សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនាំយកអំណោយសួរសុខទុក្ខវីរយុទ្ធជនរងរបួសនៅមន្ទីរពេទ្យ
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះវីរយុទ្ធជនការពារបូរណភាពទឹកដី ដោយបានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់យោធិនដែលបានរងរបួសកំឡុងពេលបំពេញបេសកកម្មនៅសមរភូមិជួរមុខ។

តាមការណែនាំពីឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា លោក ឃុន វុទ្ធី អនុប្រធានគណៈកម្មាធិការសាខា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមប្រតិបត្តិសាខា រួមជាមួយគណៈកម្មាធិការអនុសាខាស្រុកមង្គលបូរី និងយុវជនកាកបាទក្រហម ចុះទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ដើម្បីជួបសំណេះសំណាល និងសួរសុខទុក្ខវីរយុទ្ធជនទាំងពីររូប ដែលបានរងរបួសដោយសារអំបែងគ្រាប់ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ក្នុងអំឡុងពេលប្រយុទ្ធនៅតំបន់ប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ។

វីរយុទ្ធជនទាំងពីររូប គឺ៖ ឈ្មោះ នួន សារ៉ាយ ភេទប្រុស អាយុ ៥០ឆ្នាំ មានបន្ទុកគ្រួសារចំនួន ៧នាក់ (ស្រី ៤នាក់)។ គាត់រស់នៅក្នុងភូមិបន្ទាយពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយបានរងរបួសចំដៃខាងស្តាំ និង ហើស លឿ ភេទប្រុស អាយុ ៤៤ឆ្នាំ មានបន្ទុកគ្រួសារចំនួន ៥នាក់ (ស្រី ២នាក់)។ គាត់រស់នៅក្នុងភូមិព្រៃវ័ល្លិ៍ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយបានរងរបួសចំភ្លៅខាងស្តាំ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក ឃុន វុទ្ធី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹកពីឯកឧត្ដម អ៊ុំ រាត្រី ដែលកំពុងមមាញឹកក្នុងការជួយសម្របសម្រួលដល់ប្រជាពលរដ្ឋរងគ្រោះដោយសារសង្គ្រាមនៅតាមទីទួលសុវត្ថិភាពនានាទូទាំងខេត្ត។ លោកបានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជនទាំងពីរ ដែលហ៊ានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាព និងសន្តិភាពនៃទឹកដីកម្ពុជា។ ជាពិសេស លោកបានប្រសាសន៍ផ្តាំផ្ញើជូនពរដល់វីរយុទ្ធជនទាំងពីររូប សូមឱ្យឆាប់ជាសះស្បើយពីរបួស ដើម្បីអាចវិលត្រឡប់ទៅបម្រើអង្គភាពវិញ ហើយបានជួបជុំក្រុមគ្រួសារជាទីស្រលាញ់ឆាប់ៗ។
អំណោយដែលបានប្រគល់ជូនវីរយុទ្ធជនម្នាក់ៗរួមមាន មីជាតិចំនួន២កេស ទឹកសុទ្ធវីតាល់ ចំនួន ២កេស ទឹកផ្លែឈើប្រេសស៊ីចំនួន១កេស ទឹកដោះគោស្រស់ចំនួន៦ដប និងថវិកាមួយចំនួន។ សកម្មភាពដ៏ប្រពៃនេះ ពិតជាបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការចងចាំជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់យោធិនកម្ពុជាគ្រប់រូប និងជាការលើកទឹកចិត្តមួយដ៏សំខាន់សម្រាប់កងកម្លាំងការពារជាតិនៅជួរមុខ ក្នុងការបន្តបំពេញភារកិច្ចការពារជាតិមាតុភូមិប្រកបដោយមោទនភាព និងភាពក្លាហាន៕
ដោយ ឈុន សារ៉ាត





