ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងចូលរួមរំលែកទុក្ខវីរកងទ័ពពលីជីវិតក្នុងសមរភូមិ
AKP កំពង់ឆ្នាំង ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងចូលរួមរំលែកទុក្ខចំពោះវីរកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នាជាមួយកងទ័ពសៀម ដោយពិធីនេះធ្វើឡើងស្ថិតនៅវត្តបឹង ភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ បានសម្ដែងនូវការសោកស្ដាយអាណិតអាសូរជាពន់ពេក និងសូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ព និងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងកិច្ចការការពារបូរណភាពទឹកដីរបស់យើង។

ទន្ទឹមនឹងនេះឯកឧត្តមបានគោរព និងចងចាំមិនភ្លេច ពួកយើងខ្ញុំសូមអរព្រះគុណ និងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរយុទ្ធជន វីរនគរបាលជាតិ ដែលកំពុងឈរជើង និងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីរបស់យើង។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ក្នុងនាមជាប្រជាពលរដ្ឋ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅទូទាំងខេត្តកំពង់ឆ្នាំង ក្នុងសមានចិត្តដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ គ្រួសារសព ចំពោះការបាត់បង់មនុស្សជាទីគោរពស្រឡាញ់ ហើយក៏ជាការបាត់បង់ដ៏ធំធេងបំផុតនូវវីរជនដ៏អង់អាចក្លាហានស្នេហាជាតិដ៏ល្អឆ្នើមមួយរូប ដែលហ៊ានពលី ជីវិតក្នុងការការពារជាតិមាតុភូមិកម្ពុជានៃយើងដែលយើងទាំងអស់គ្នាចងចាំនូវវីរភាពវីរជនស្នេហាជាតិដ៏អង់អាចក្លាហានរបស់កម្ពុជាជារៀងរហូតតទៅ។ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកព្រិន្ទបាលឯក ហេង តាំង និងវីរកងទ័ពរបស់យើងដែលលះបង់អាយុជីវិតការពារបូរណភាពទឹកដី សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ បៃ ស៊ីថុន





