ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចុះសួរសុខទុក្ខវីរកងទព័ដែលមានជំងឺប្រចាំកាយ
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥-- បន្ទាប់ពីទទួលបានព័ត៌មានទាក់ទង ស្តីពីពលបាលទោមួយរូបលើសសម្ពាធឈាមបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលស្លាប់មួយចំហៀងខ្លួន នៅឃុំរកាស្រុកសង្កែ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាននាំយកថវិកា ភេសជ្ជ: ព្រមទាំងសម្ភារគ្រឿងឧបភោគ បរិភោគមួយចំនួនផ្តល់ជូន លោកពលបាលទោ ខ្លឹង សឿប អត្តលេខ 235789 អាយុ៥២ឆ្នាំ ជាកងទ័ពនៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៥ កងពលធំអន្តរាគមន៍លេខ២ ដែលមានមានជីវភាពខ្វះខាត ថែមទាំងកំពុងកើតជំងឺស្លាប់មួយចំហៀងខ្លួនបណ្តាលមកពីដាច់សសៃឈាមក្នុងខួក្បាលស្ថិតនៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលើកទឹកចិត្ត ជូនពរដល់ពលបាលទោ ខ្លឹង សឿប ឆាប់បានជាសះស្បើយឡើងវិញ។

តាមការបញ្ជាក់របស់មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៥ តាមរយៈទូរសព្ទបានឱ្យដឹងថា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកពលបាលទោ ខ្លឹង សឿប បានធ្លាក់ខ្លួនឈឺស្លាប់មួយចំហៀងខ្លួន រហូតដល់ថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ ២០២៥ មេបញ្ជាការក៏បាននាំយកទៅសម្រាកព្យាបាលនៅពេទ្យនៅខេត្តឧត្តរមានជ័យដោយសារស្ថានភាពជំងឺ និងពុំមានអ្នកមើលថែដោយនាយទាហានមានភារកិច្ចការពារទឹកដី លោកមេញ្ជាការក៏បានទំនាក់ទំនងលោកស្រី ខ្លឹង សុទ្ធ អាយុ៥៦ឆ្នាំ ត្រូវជាបងស្រី មកមើលថែ និងបានសុំអនុញ្ញាតយកលោកពលបាលទោ ខ្លឹង សឿប មកមើលថែ និងព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏បានមានប្រសាសន៍បន្ថែមថា ក្រោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលព័ត៌មានករណីខាងលើ សម្តេចប្រធានបានចាត់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះពិនិត្យដល់ខ្នងផ្ទះដោយផ្ទាល់ និងបានសម្របសម្រួលជាមួយអាជ្ញាធរភូមិឃុំ និងគ្រូពេទ្យដើម្បីបញ្ជូនពលបាលទោ ខ្លឹង សឿប មកធ្វើការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្រោមការយកចិត្តទុក្ខដាក់និងមើលថែពីក្រុមគ្រូពេទ្យ។ លោកស្រី ខ្លឹង សុទ្ធ ត្រូវជាបង មានក្តីរំភើបក្តុកក្តួលឥតឧបមាដោយទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តពីសំណាក់ អ្នកម្តាយមនុស្សធម៌ ដែលលោកតែងតែគិតគូរដល់សុខទុក្ខ និងប្រជាជនងាយរងគ្រោះបំផុតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លោកស្រីសូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តម សុខ លូ សូមជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេស និងជាម្លប់ដ៏ត្រជាក់ដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត ហាន ឧត្តម ប្រធានមន្ទីរពេទ្យបង្អែក និងជាសមាជិកគណៈកម្មាធិការសាខាបានឱ្យដឹងថា លោកពលបាលទោ ខ្លឹង សឿប ស្ថានភាពជំងឺក្រោយពីថត និងស្កេនឃើញមានដុំឈាមក្នុងខួក្បាលផ្នែកខាងឆ្វេង អាចបណ្តាលមកពីដាច់សសៃឈាមខួក្បាលទើបធ្វើឱ្យស្លាប់មួយចំហៀងខ្លួន និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រាល់ការចំណាយជាការរ៉ាប់រងពីសំណាក់ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





