រយៈពេល១សប្ដាហ៍ រដ្ឋបាលរាជធានីភ្នំពេញទទួលអំណោយពីសប្បុរសជនបានជាង៣៥ម៉ឺនដុល្លារ និងជាង១ពាន់លានរៀលសម្រាប់ជួយវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥-- រដ្ឋបាលរាជធានីភ្នំពេញបានបន្តទទួលអំណោយពីសប្បុរសជននានា និងប្រជាពលរដ្ឋ មន្ត្រីរាជការ នៅរាជធានីភ្នំពេញ បានចំនួនជាង១ពាន់លានរៀល និងជាង៣៥ម៉ឺនដុល្លារ ដើម្បីបន្តយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដោយជម្លោះប្រដាប់អាវុធបង្កឡើងដោយទាហានថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។

ពិធីទទួលអំណោយពីសប្បុរសជន តាំងពីព្រឹករហូតដល់ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បើគិតមានរយៈពេលមួយសប្ដាហ៍ហើយ ក្រោមវត្តមានឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលរងរាជធានីភ្នំពេញ ជាច្រើនរូបព្រមទាំងនាយកនាយករង នាយិការង រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមម៉ោង ១៨និង០០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញបានពីសប្បុរសជននានា និងប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីបានកើនឡើងដល់ចំនួន១.១៤១.៨២៥.៩១២ រៀល និង៣៥១.៣៩២,០០ ដុល្លារអាមេរិក ព្រមទាំងសម្ភារគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារផ្សេងៗជាច្រើនមុខទៀត។

លោកស្រី ដោ សម្ផស្ស បានអរគុណនូវទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយជាតិខ្មែរ ខណៈលោកស្រីបានចាត់ទុកសកម្មភាពនេះជាការបង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមរភូមិក្រោយ គាំទ្រ និងលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខ ដែលបាន និងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មោះមុត ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។
លោកស្រី ដោ សម្ផស្ស បានឱ្យដឹងទៀតថា សម្រាប់ខឿនការពារជាតិប្រជាជន បងប្អូនប្រជាពលរដ្ឋយើងបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតប ជាមួយនឹងការលះបង់សាច់ស្រស់ ឈាមស្រស់របស់វីរកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ជាមួយនឹងការចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក ដែលកំពុងតែជ្រូកកោន នៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមរភូមិក្រោយ ជួយសមរភូមិមុខ ស្មារតីខ្មែរជួយខ្មែរ។ បងប្អូនសប្បុរសជននានា និងប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីអាចបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀត បានដោយរដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារចាំទទួល សម្ភារ និងថវិកាតាមរយៈ QR Code។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសជននានាបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងរាជធានីដែលបាន និងកំពុងផុសផុលមកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ជម្លៀសចេញសឹក កន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រឡាញ់ខ្មែរ៕
ដោយ សួស សំរិត





