ឯកឧត្តម ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយពលករ៣៦០នាក់ ដែលវិលត្រឡប់ពីប្រទេសថៃ នៅស្រុកព្រៃកប្បាស
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៣៦០នាក់ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តរដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានជម្រាបជូនបងប្អូនពលករអំពីបច្ចុប្បន្នភាពដែលបានកើតឡើងចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ និងគិតចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់បទឈប់បាញ់នៅម៉ោង០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងផ្ទះសម្បែង អស់ជាច្រើនកន្លែង ហើយការណ៍នេះធ្វើឱ្យប្រជាជនយើងដែលរស់នៅតាមបណ្តោយព្រំដែនត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅឋានប្រមាណ៣សែននាក់។ ហើយថ្មីៗនេះ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ យោធាថៃបានប្រព្រឹត្តអំពើដ៏ស្មោគគ្រោកដោយបន្លំចាប់ដៃជាមួយវីរកងទ័ពយើងដែលឈរជើងនៅតំបន់ជាំតែ រួចភ្ជង់ចាប់វីរកងទ័ពយើងចំនួន២០នាក់ ក្នុងនោះរត់រួច១នាក់ ហើយមិនទាន់បានដោះលែងវីរកងទ័ពយើងនៅឡើយទេ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានបានពាំនាំនូវទឹកចិត្តស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់សម្តេចតេជោ និងសម្តេចធិបតីចំពោះបងប្អូនពលករយើងដែលធ្វើការនៅប្រទេសថៃ ហេតុដូច្នេះទើបសម្តេចទាំងទ្វេអំពាវនាវឱ្យបងប្អូនយើងត្រឡប់មកកម្ពុជាយើងវិញក្នុងគោលដៅការពារសុវត្ថិភាពពីក្រុមជ្រុលនិយមនៅក្នុងប្រទេសថៃ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បងប្អូនពលករយើងឱ្យស្វែងរកការងារនៅក្នុងប្រទេសយើងវិញព្រោះថាបច្ចុប្បន្នកម្ពុជាមានតម្រូវការបុគ្គលិកធ្វើការជាច្រើន ជាជាងការប្រថុយប្រថានទៅបំពេញការងារនៅប្រទេស។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអំពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (IJC) ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់អន្តរជាតិ ព្រមទាំងបានអំពាវនាវដល់បងប្អូនពលករយើងរួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល និងវីរកងទ័ព ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





