លោកជំទាវ ម៉ាលី សុជាតា៖ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទនឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥-លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា កម្លាំងកម្ពុជាចំនួន២០រូបដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២៥មក មានសុវត្ថិភាពធម្មតា ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការចរចា ហើយក៏កំពុងជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកយើងវិញឱ្យបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។

លោកជំទាវបានគូសបញ្ជាក់ ក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ថា «កម្ពុជាក៏បានស្នើឱ្យម៉ាឡេស៊ីដែលជាប្រធានអាស៊ានឱ្យជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់ពួកគេឱ្យយើងវិញ។ក្រសួងការពារជាតិ កងយោធពខេមរភូមិន្ទនឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ»៕


ដោយ៖ គង់ សិរីរ័ត្ន





