លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញបើកកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥-- លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ស្រ្តីកម្ពុជាក៏ដូចបុរស យើងស្រឡាញ់សន្តិភាព តាំងពីអតីតកាលមក កម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមរាប់ទសវត្សរ៍មកហើយ វិនាសកម្មនៃសង្រ្គាមគឺប៉ះពាល់ដល់មនុស្សគ្រប់វ័យ មិនថាចាស់ក្មេង ស្រ្តីឬបុរសនោះឡើយ ហើយភាគច្រើនស្រ្តី និងកុមារ ច្រើនតែរងគ្រោះជាជនភៀសសឹកដោយសង្រ្គាម។ កម្ពុជាមានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញបើកកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកជំទាវបានបន្តទៀតថា ក្នុងនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តនូវមរតកដ៏ថ្លៃថ្លារបស់សម្តេចតេជោ ធ្វើឱ្យប្រទេសជាតិបន្តសម្រេចបាននូវកិច្ចអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងមានភាពរីកចម្រើនខ្ពស់លើគ្រប់វិស័យ ក្នុងបរិការណ៍នៃសុខសន្តិភាពយូរអង្វែង។ សម្តេចធិបតីជាតួអង្គដ៏ឆ្នើមបំផុតក្នុងសមរភូមិការទូត ដែលនាំមកនូវបទឈប់បាញ់ នាំមកនូវសន្តិភាពសារជាថ្មីម្តងទៀតដល់ប្រជាជាតិទាំងមូល។


ថ្ងៃនេះ ក្រសួងកិច្ចការនារីបានសម្រេចបន្តការរៀបចំកិច្ចសន្ទនានេះ ទោះបីស្ថិតក្នុងកាលៈទេសៈដែលយើងទើបតែមានកិច្ចព្រមព្រៀងឈប់បាញ់ ដោយសារយើងចង់បង្ហាញថា កម្ពុជាជាប្រទេសដែលស្រឡាញ់សន្តិភាព ប្រជាពលរដ្ឋគ្រប់រូបស្រឡាញ់ និងចង់បានសន្តិភាព ហើយស្ត្រី និងបុរសគឺជាតួអង្គដ៏ចម្បងក្នុងកិច្ចការថែរក្សាសន្តិភាពនេះ។ កិច្ចសន្ទនាថ្ងៃនេះក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក ពាក់ព័ន្ធនឹងការចូលរួមរបស់ស្រ្តី ក្នុងដំណើរការកសាង និងថែរក្សាសន្តិភាព ប្រកបដោយចីរភាព ដើម្បីវិបុលភាពសម្រាប់សង្គមជាតិទាំងមូល។


យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ស្រ្តីមានតួនាទីក្នុងការកសាងសន្តិភាព រាប់តាំងពីអ្នកសម្របសម្រួល និងអ្នកចរចារសន្តិភាព អ្នកតស៊ូមតិដើម្បីសន្តិភាព ការកសាងឡើងវិញក្រោយសង្រ្គាម លើកកម្ពស់ការអប់រំស្តីពីសន្តិភាព ។ល។ និងជាតួអង្គដ៏ចម្បងក្នុងការស្វែងរកដំណោះស្រាយនៃបញ្ហាជម្លោះនានាទាំងក្នុងតំបន់ និងសកលលោក ព្រមទាំងជាធាតុផ្សំយ៉ាងសំខាន់ដើម្បីថែរក្សាសន្តិភាពឱ្យមានភាពឋិតថេរគង់វង្សយូរអង្វែង។ វត្តមានរបស់ស្រ្តីក្នុងដំណើរការកសាងសន្តិភាព មិនត្រឹមតែបង្កើនប្រសិទ្ធភាពនៃដំណើរការនេះប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកធានាថាតម្រូវការរបស់សហគមន៍ ជាពិសេសស្រ្តី និងកុមារត្រូវបានយកចិត្តទុកដាក់គិតគូរ និងដោះស្រាយ។ ការជំរុញ និងបង្កបរិយាកាសអំណោយផល ឱ្យមានការចូលរួមរបស់ស្ត្រីក្នុងដំណើរការកសាងសន្តិភាពនៅគ្រប់កម្រិត ចាប់តាំងពីកម្រិតមូលដ្ឋានរហូតដល់ការចរចាកម្រិតខ្ពស់ គឺជាកត្តាសំខានបានដើម្បីធានាសន្តិភាពយូរអង្វែង ប្រកបដោយសមធម៌ និងបរិយាបន្ន៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





