ក្រសួងអប់រំពិនិត្យឡើងវិញនូវអាទិភាពការជួសជុល និងសាងសង់ ដើម្បីបើកដំណើរការសាលារៀនឡើងវិញសម្រាប់បវេសនកាលឆ្នាំថ្មី
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញនូវអាទិភាពការជួសជុល និងសាងសង់ ដើម្បីបើកដំណើរការសាលារៀនឡើងវិញសម្រាប់បវេសនកាលឆ្នាំថ្មីឱ្យទាន់ពេលវេលា ដោយបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរបាយការណ៍យ៉ាងល្អិតល្អន់ ដែលទាំងនេះគឺជាលទ្ធផលនៃការចុះវាយតម្លៃយ៉ាងហ្មត់ចត់ដោយក្រុមការងារជំនាញ រួមជាមួយមន្ទីរអប់រំខេត្តពាក់ព័ន្ធ ដែលបានកត់ត្រានូវទំហំ និងកម្រិតនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធអប់រំ ជាពិសេសនៅតាមបណ្ដោយព្រំដែន ដែលរងផលប៉ះពាល់ដោយផ្ទាល់ ឬប្រយោលពីស្ថានភាពជម្លោះព្រំដែនជាមួយប្រទេសជិតខាង ដែលរបាយការណ៍នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការរៀបចំគម្រោង និងផែនការគាំទ្រសម្រាប់ការស្តារ និងកសាងឡើងវិញនូវអគារសិក្សា បណ្ណាល័យ បន្ទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀត។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តសហការគ្នាឱ្យបានជិតស្និទ្ធជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តដែលរងផលប៉ះពាល់ ដើម្បីចុះជួយគាំទ្រ និងពិនិត្យស្ថានភាពបន្ថែម ក្នុងគោលដៅធានាបានថា ការងារជួសជុល និងសាងសង់ឡើងវិញនេះប្រព្រឹត្តទៅបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយនឹងជួយគាំទ្រឱ្យសាលារៀនដែលរងផលប៉ះពាល់អាចបើកដំណើរការឡើងវិញ សម្រាប់បវេសនកាលឆ្នាំថ្មីនេះបានទាន់ពេលវេលា និងផ្តល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងផាសុកភាពជូនដល់សិស្សានុសិស្សរបស់យើង។


តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដែលបាន និងកំពុងអនុវត្តកិច្ចការនេះ ដើម្បីឱ្យកូនចៅរបស់យើងទាំងអស់គ្នាអាចទទួលបានការសិក្សាប្រកបដោយគុណភាព និងពេញលេញ ដោយបានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីធានាបាននូវការគាំទ្រ និងការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែប្រសើរឡើងនាពេលអនាគត ជាពិសេសតំបន់ដែលនៅជាប់ព្រំដែន៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





