កម្ពុជាអំពាវនាវជាថ្មីម្ដងទៀត សុំឱ្យមានការប្រើប្រាស់ជាបន្ទាន់នូវក្រុមអ្នកសង្កេតការណ៍អន្ដរជាតិដែលមិនលម្អៀង ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការឈប់បាញ់គ្នាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្ដម ជុំ សន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិបានគូសបញ្ជាក់ថា កម្ពុជាសូមលើកឡើងជាថ្មីម្ដងទៀតនូវការអំពាវនាវរបស់ខ្លួន សុំឱ្យមានការប្រើប្រាស់ជាបន្ទាន់នូវក្រុមអ្នកសង្កេតការណ៍អន្ដរជាតិដែលមិនលម្អៀង ដើម្បីធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការឈប់បាញ់គ្នានៅតាម បណ្ដោយព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ជុំ សន្ទរី បានមានប្រសាសន៍ថា កម្ពុជាបង្ហាញការសោកស្តាយដែលប្រទេសថៃនៅតែបន្តបង្កើនការចោទប្រកាន់ទម្លាក់កំហុសមកកាន់កម្ពុជា ជាជាងការផ្តោតទៅលើយន្តការរួម និងកិច្ចសន្ទនាដោយសុច្ចចិត្តដូចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី។ ឯកឧត្ដមបានលើកឡើងថា៖ «កម្ពុជាបានរម្លឹកដល់ភាគីថៃថាសកម្មភាពបែបនេះវាគ្រាន់តែជាការគ្រោះថ្នាក់ ធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការផុយស្រួយដែលសម្រេចបានរបស់ប្រទេសទាំងពីរ រហូតមកដល់ពេលនេះ»។

ឯកឧត្ដមអ្នកនាំពាក្យបានបញ្ជាក់ទៀតថា ក្រសួងការបរទេស សូមធ្វើការបដិសេដចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃក្នុងឱកាសកិច្ចប្រជុំជាមួយនឹងអ្នកសារព័ត៌មាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ពិសេសគឺការលើកឡើងថា កងកម្លាំងប្រដាប់អាវុធកម្ពុជាបានរំលោភបំពានទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា។ ឯកឧត្ដមបន្ដថា កម្ពុជាសូមអះអាងសារជាថ្មីម្ដងទៀតថា កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាបានគោរពដោយត្រឹមត្រូវស្ដីពីកិច្ចព្រមព្រៀងកិច្ចឈប់បាញ់គ្នារវាងប្រទេសទាំងពីរ។ «ការលើកឡើងអំពីការវាយប្រហាររបស់កងទ័ពកម្ពុជាបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាបានចូលជាធរមានគឺជាការលើកឡើងគ្មានមូលដ្ឋាន ហើយវាផ្ទុយអំពីការពិតដែលបានកើតឡើងនៅព្រំដែនរវាងប្រទេសទាំងពីរ»។ នេះគឺជាការលើកឡើងបន្ថែមរបស់ឯកឧត្ដម ជុំ សន្ទរី។
បើតាមឯកឧត្ដម ជុំ សន្ទរី ការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបាញ់ទៅលើគោលដៅជនស៊ីវិល ឬការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សគឺពុំមានមូលដ្ឋានសម្អាងទាល់តែសោះ។ កម្ពុជា ជានិច្ចកាលគោរពទៅតាមកាតព្វកិច្ចអន្ដរជាតិរបស់ខ្លួន រួមទាំងអនុសញ្ញាអូតាវ៉ា ហើយកម្ពុជាសូមធ្វើការថ្កោលទោសចំពោះការប្រើប្រាស់វេទិកាមនុស្សធម៌សម្រាប់ការកេងយកចំណេញផ្នែកនយោបាយ។
ឯកឧត្ដមអ្នកនាំពាក្យបានបន្ថែមថា៖ «កម្ពុជា នៅតែមានការតាំងចិត្ដយ៉ាងពេញលេញចំពោះដំណោះស្រាយទំនាស់ដោយសន្ដិវិធី និងការគោរពចំពោះច្បាប់អន្ដរជាតិក៏ដូចជាការរក្សាស្ថិរភាពក្នុងតំបន់»៕
ដោយ៖ មករា និង រិទ្ធី





