ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានមកពីប្រទេសថៃ មានគោលដៅបំពុលសតិអារម្មណ៍ជាតិ និងអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ មានការចោទប្រកាន់ថា កម្ពុជាបំពានកិច្ចព្រមព្រៀងឈប់បាញ់នៅតែកើតមានឡើងជាបន្តបន្ទាប់ បើទោះបីជាទាំងក្រសួងការពារជាតិ ទាំងក្រសួងការបរទេស ទាំងអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបដិសេធចោលជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ហើយទន្ទឹមនឹងនោះ ព័ត៌មានក្លែងក្លាយក៏ត្រូវបានគេប្រើប្រាស់ជាអាវុធយុទ្ធសាស្ត្រដើម្បីបំពុលសាធារណៈមតិជាតិនិងអន្តរជាតិ។
ឆ្លើយតបទៅនឹងការចោទប្រកាន់ដដែលជាដដែលនេះ ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់សាជាថ្មីម្ដងទៀតជូនសាធារណៈមតិជាតិ និងអន្តរជាតិជ្រាប ជៀសវាងការជាប់អន្ទាក់ជឿតាមការញុះញង់របស់សារព័ត៌មានថៃ។
ជាការពញ្ញាក់អារម្មណ៍ក្រើនរម្លឹក ឯកឧត្តម ប៉ែន បូណា បានថ្លែងថា«សូមបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស សូមប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ជាពិសេសគឺ ព័ត៌មានមកពីប្រទេសថៃ ទាំងបណ្ដាញសារព័ត៌មានផ្លូវការ ទាំងបណ្ដាញសង្គម ព័ត៌មានទាំងនោះមួយចំនួនគឺថា មានគោលដៅបំពុលសតិអារម្មណ៍សាធារណៈមតិជាតិនិងអន្តរជាតិ ហើយជាពិសេសគឺបំបែកបំបាក់ឯកភាពជាតិដ៏រឹងមាំរបស់យើង។ដូច្នេះសូមបងប្អូនយើងប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវផ្ទៀងផ្ទាត់ព័ត៌មានមុននឹងជឿ»។

បើតាម ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ឥតប្រែប្រួលគឺការថែរក្សាសន្តិភាពមិនឱ្យបាត់បង់ ដើម្បីធានាការអភិវឌ្ឍប្រទេសនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលសម្រេចបានកាលពីថ្ងៃ២៨ខែកក្កដា ឆ្នាំ២០២៥នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ជំហរកម្ពុជាដែលឈរនៅខាងសន្តិភាព និងពឹងផ្អែកលើច្បាប់អន្តរជាតិគឺស្របនឹងការចង់បានរបស់សហគមន៍អន្តរជាតិ ហេតុដូច្នេះហើយបានជាមេដឹកនាំបណ្ដាប្រទេសជាច្រើន បានចេញសារអបអរសាទរចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ដែលកម្ពុជានិងថៃសម្រេចបានដោយចាត់ទុកថា នេះជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ ក៏ដូចជា ក្នុងតំបន់ទាំងមូល ហើយក្នុងន័យនេះ កម្ពុជាមិនដែលចង់បង្កទំនាស់ជាមួយប្រទេសណាទេ ហើយវាក៏សបញ្ជាក់ឱ្យឃើញថា ការចោទប្រកាន់មកលើកម្ពុជាថាបានរំលោភកិច្ចព្រមព្រៀងឈប់បាញ់ វាខុសពីការពិតដែលផ្ទុយពី Logic របស់ប្រទេសកម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន





