ធនាគារ ព្រីនស៍ ម.ក ប្រកាសនឹងលុបចោលបំណុលទាំងស្រុងសម្រាប់ក្រុមគ្រួសារយោធិនពលីជីវិត
AKP ភ្នំពេញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៥– ធនាគារ ព្រីនស៍ ម.ក ប្រកាសនឹងលុបចោលបំណុលទាំងស្រុង សម្រាប់ក្រុមគ្រួសារ ឬអ្នករួមខ្ចីរបស់យោធិនពលីជីវិតក្នុងបេសកកម្មការពារជាតិមាតុភូមិ។
ធនាគារ ព្រីនស៍ ម.ក សូមប្រកាសជាផ្លូវការនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីណែនាំផ្ដល់ការអនុគ្រោះនាពេលថ្មីៗនេះ របស់ធនាគារជាតិនៃកម្ពុជា គោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសម្រាលបន្ទុកដល់យោធិន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្នុងស្មារតីនៃសាមគ្គីភាពជាតិ និងក្ដីមេត្តា ធនាគារ ព្រីនស៍ បានប្តេជ្ញាចិត្តអនុវត្តយ៉ាងពេញលេញនូវការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ជំនួយដល់យោធិនជួរមុខ ប្រជាពលរដ្ឋភៀសសឹក និងសមាជិកគ្រួសាររបស់យោធិនដែលបានលះបង់ដើម្បីការពារជាតិមាតុភូមិ។
យោងតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា បន្ទាប់ពីការពិគ្រោះយោបល់ជាមួយសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ធនាគារ ព្រីនស៍ នឹងអនុវត្តវិធានការនានាដែលបានណែនាំចាប់ពីពេលនេះតទៅ។
ជាពិសេស ធនាគារ ព្រីនស៍ នឹងលុបចោលបំណុលទាំងស្រុង សម្រាប់ក្រុមគ្រួសារ ឬអ្នករួមខ្ចីរបស់យោធិនពលីជីវិតក្នុងបេសកកម្ម។
បន្ថែមលើសពីនេះធនាគារ ព្រីនស៍ នឹងអនុវត្តតាមការណែនាំផ្សេងៗ ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ តាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងពិចារណាជំនួយបន្ថែម សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងវិលត្រឡប់មកពីប្រទេសថៃ និងយោធិនជួរមុខ ផ្អែកលើសមត្ថភាពហិរញ្ញវត្ថុរបស់ធនាគារ។
ធនាគារ ព្រីនស៍ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនដើម្បីរួមចំណែក ក្នុងការចុះជាប់ជាមួយសង្គមជាតិ និងទំនួលខុសត្រូវសង្គម។ ធនាគារ ព្រីនស៍ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងផ្តល់ការគាំទ្រដល់ទាហានដ៏ក្លាហាន និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលរងផលប៉ះពាល់ពីស្ថានភាពបច្ចុប្បន្ន៕

ដោយ៖ ចរិយា ប្រភព៖ ធនាគារព្រីនស៍





