ធនាគារ វឌ្ឍនៈ ប្រកាសនឹងលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជនជាយោធិនពលីក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា
AKP ភ្នំពេញថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥– ធនាគារ វឌ្ឍនៈ ប្រកាសនឹងលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ពិការ ឬរងរបួស ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
ធនាគារ វឌ្ឍនៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជន មេត្តាជ្រាបថា យោងតាមសេចក្តីអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំលេខៈ ធ១៧.០២៥.០១៩ ស.ក.ណ.ន ចុះថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ធនាគារជាតិ នៃកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ធនាគារ វឌ្ឍនៈ នឹងលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ពិការ ឬរងរបួស ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
ធនាគារ វឌ្ឍនៈ នឹងសហការចូលរួមក្នុងការសម្របសម្រួលធ្វើកិច្ចការដ៏មានសារៈសំខាន់នេះជាមួយធនាគារជាតិ នៃកម្ពុជា។
ធនាគារ វឌ្ឍនៈ សូមជម្រាបជូនដល់អតិថិជន និងសាច់ញាតិយោធិនពលី ពិការ ឬរងរបួស ទាំងអស់ ដែលរងនូវផលប៉ះពាល់ដូចបានប្រកាសខាងលើ សូមទំនាក់ទំនងមកកាន់ការិយាល័យ-សាខាធនាគារ វឌ្ឍនៈ នៅជិតលោកអ្នកបំផុត៕

ដោយ៖ ចរិយា ប្រភព៖ ធនាគារវឌ្ឍនៈ





