លោកជំទាវ ហ៊ុន ស៊ីណាត អញ្ជើញចុះសួរសុខទុក្ខ និងនាំគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងកោះកុង ទិសយោធភូមិភាគទី៣
AKP ភ្នំពេញ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥--
លោកជំទាវ ហ៊ុន ស៊ីណាត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៥ បានដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំមកនូវថវិកា សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគមួយចំនួនធំ ជូនដល់តំបន់ប្រតិបត្តិការសឹករងកោះកុង។

មានមតិស្វាគមន៍ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានរាយការណ៍ជូនអង្គពិធីអំពីសភាពការណ៍មួយចំនួនក្នុងភូមិសាស្រ្តខេត្តកោះកុងទទួលត្រូវ។ ក្នុងនាមមេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន បានសម្តែងនូវក្តីត្រេកអរក្រៃលែង ដែលលោកជំទាវបានដឹកនាំឯកឧត្តម លោកជំទាវ និងសប្បុរសជននានា នាំយកនូវថវិកា សម្ភារ និងគ្រឿងឧបភោគមកប្រគល់ជូនដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង ដែលកំពុងបំពេញភារកិច្ចឈរជើងការព្រំដែនកម្ពុជា-ថៃ នៃខេត្តកោះកុង។

អំណោយឧបត្ថម្ភនាឱកាសនោះ រួមមានថវិកាចំនួន ១៨ លានរៀល ម៉ាស៊ីនភ្លើងចំនួន ៥ គ្រឿង វិទ្យុទាក់ទងចំនួន៣០គ្រឿង ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនធំ និងថ្នាំពេទ្យមួយចំនួនផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





