សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ចំពេលមានការព្រួយបារម្ភអំពីអតុល្យភាពពន្ធ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អ៊ូស៊ុលឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) បានអះអាងកាលពីថ្ងៃអាទិត្យថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកនឹងដាក់ពន្ធគោល ១៥% លើទំនិញរបស់សហភាពអឺរ៉ុប (EU) ។
ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយកាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីកិច្ចពិភាក្សាពាណិជ្ជកម្មនៅតំបន់South Ayrshire នៃប្រទេសស្កុតឡែន។
បើទោះបីជាមេដឹកនាំទាំងពីរបានពណ៌នាអំពីកិច្ចព្រមព្រៀងនោះថា ជាជំហានឆ្ពោះទៅរកការស្ដារ «តុល្យភាពពាណិជ្ជកម្ម» និងជាការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីប្រកបដោយសមធម៌ក៏ដោយ ក៏កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពន្ធ ១៥% យ៉ាងទូលំទូលាយទៅលើទំនិញរបស់សហភាពអឺរ៉ុប ខណៈដែលធានាការចូលប្រើពន្ធសូន្យសម្រាប់ការនាំចេញជាយុទ្ធសាស្ត្រ។ ផ្ទុយទៅវិញ សហភាពអឺរ៉ុបបានសន្យាថានឹងទិញថាមពលអាម៉េរិកដែលមានតម្លៃ ៧៥០ពាន់លានដុល្លារអាម៉េរិក និងសន្យាបន្ថែម ៦០០ពាន់លានដុល្លារអាម៉េរិកទៀតក្នុងការវិនិយោគនៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងសន្និសីទសារព័ត៌មាននោះ លោក ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងនេះនឹងអាចឱ្យរថយន្តអាម៉េរិកចូលទៅក្នុងទីផ្សារអឺរ៉ុបឡើងវិញនិងធ្វើឱ្យការនាំចេញកសិផលរបស់អាម៉េរិកអាចចូលដំណើរការបានកាន់តែច្រើននៅក្នុងសហភាពអឺរ៉ុប។ លោកក៏បាននិយាយផងដែរថា ឱសថត្រូវបានដកចេញពីកិច្ចព្រមព្រៀងនេះ ខណៈដែលពន្ធដែលមានស្រាប់ ៥០% ទៅលើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់សហភាពអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិកនឹងនៅតែរក្សាដដែល។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយ លោកស្រី វ៉ុន ដឺ ឡេយេន បានបំភ្លឺថា សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបានព្រមព្រៀងបញ្ចូលឱសថនៅក្រោមក្របខ័ណ្ឌពន្ធ១៥%។ លោកស្រីមិនបានច្រានចោលនូវលទ្ធភាពនៃសកម្មភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបន្ថែមទៀតនាពេលអនាគតនោះទេ។
នៅពេលដែលត្រូវបានសួរថា តើពន្ធ ១៥% សម្រាប់អ្នកផលិតរថយន្តរបស់សហភាពអឺរ៉ុបដែលកើនឡើងពី ២,៥% ដែលនៅក្រោមរដ្ឋបាលរបស់លោក បៃដិន គឺជាលទ្ធផលអំណោយផលឬអត់នោះ លោកស្រី វ៉ុន ដឺ ឡេយេន បានឆ្លើយតបថា មុនពេលឈានដល់កិច្ចព្រមព្រៀងនេះ រថយន្តអឺរ៉ុបប្រឈមនឹងពន្ធសរុប ២៧,៥% នៅពេលចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក។នេះរួមបញ្ចូលទាំងការយកពន្ធ ២៥% ដែលត្រូវបានបានដាក់ចេញក្នុងអំឡុងពេលអាណត្តិមុនរបស់លោក ត្រាំ ដោយបន្ថែមពីលើ ២,៥% ដែលមានស្រាប់។ អត្រាពន្ធ ១៥% ថ្មីនេះ ជាអ្វីដែលលោកស្រីបានបញ្ជាក់ថាជាការកាត់បន្ថយពីកម្រិតខាងលើនោះ។
លោក ប៊ើន លែង (Bernd Lange) ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប បានរិះគន់ចំពោះកិច្ចព្រមព្រៀងដែលទើបសម្រេចបាននេះក្នុងន័យ «មិនពេញចិត្ត" និងថាជាកិច្ចព្រមព្រៀងដែល«អតុល្យភាពគួរឱ្យកត់សម្គាល់» ដោយលោកបានព្រមានថា វាអាចបំផ្លាញស្ថិរភាពសេដ្ឋកិច្ច និងសន្តិសុខការងាររបស់សហភាពអឺរ៉ុប៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





