ប្រទេសចិនជំរុញអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកលលោក
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ -- ខណៈដែលបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) កំពុងកែប្រែរបៀបរស់នៅរបស់មនុស្សយ៉ាងធំធេង និងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើទិដ្ឋភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យាពិភពលោកនោះ ប្រទេសចិនដែលជាប្រទេសឈានមុខគេមួយក្នុងវិស័យAI បានបន្តរួមចំណែកដ៏ឆ្លាតវៃរបស់ខ្លួនចំពោះអភិបាលកិច្ច AI ជាសកលដើម្បីធ្វើឱ្យបច្ចេកវិទ្យា AI កាន់តែមានសុវត្ថិភាព គួរឱ្យទុកចិត្ត ត្រូវបានគ្រប់គ្រង និងមានសមភាព។
បន្ទាប់ពីមានសំណើរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៃគំនិតផ្តួចផ្តើមអភិបាលកិច្ច AI សកលលោកនៅក្នុងឆ្នាំ២០២៣រដ្ឋាភិបាលចិនបានស្នើឱ្យបង្កើតអង្គការសហប្រតិបត្តិការ AI សកលលោកហើយខ្លួនកំពុងពិចារណាបង្កើតទីស្នាក់ការកណ្តាលរបស់អង្គការនេះនៅក្នុងទីក្រុងសៀងហៃ។
នាយករដ្ឋមន្ត្រីចិន លោក លី ឈៀង (Li Qiang) បានប្រកាសពីគំនិតផ្តួចផ្តើមអំពីអង្គការនេះកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅទីក្រុងសៀងហៃនៅពេលថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៥ និងកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីអភិបាលកិច្ច AI សកលលោក ដែលជាព្រឹត្តិការណ៍មានរយៈពេល ៣ថ្ងៃ ក្រោមប្រធានបទ «សាមគ្គីភាពជាសកលក្នុងយុគសម័យបញ្ញាសិប្បនិម្មិត»។
អនុរដ្ឋមន្ត្រីការបរទេសចិន លោក ម៉ា ហ្សឿស៊ូ (Ma Zhaoxu) បាននិយាយថា គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពដ៏សំខាន់ដែលប្រទេសចិនបានធ្វើដើម្បីអនុវត្តពហុភាគីនិយម និងលើកកម្ពស់រចនាប័ទ្មនៃអភិបាលកិច្ចសកលលោក ដែលបង្ហាញពីការពិគ្រោះយោបល់យ៉ាងទូលំទូលាយ និងការរួមចំណែករួមគ្នាសម្រាប់ផលប្រយោជន៍រួម។
លោក ម៉ា បាននិយាយបន្ថែមថា វាក៏ជាសកម្មភាពជាក់ស្តែងដែលធ្វើឡើងដោយប្រទេសចិនដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រជាជាតិនៅសកលលោកខាងត្បូង ដើម្បីភ្ជាប់ទំនាក់ទំនងរវាងផ្នែកឌីជីថលនិងបញ្ញា ព្រមទាំងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននៃAI និងការប្រើប្រាស់ AI ឱ្យបានល្អផងដែរ។
លោក ម៉ា បាននិយាយថា ប្រទេសចិនរំពឹងថា អង្គការនេះនឹងក្លាយជាវេទិកាមួយសម្រាប់ប្រទេសនានាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើនវានុវត្តន៍ ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដើម្បីបញ្ចេញសក្តានុពលគ្មានដែនកំណត់នៃ AI និងសម្រេចបាននូវការអភិវឌ្ឍ និងវិបុលភាពរួម។ លោក ម៉ា បានបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការរៀបចំដែលមានការពាក់ព័ន្ធនានាជាមួយបណ្តាប្រទេសដែលមានឆន្ទៈចូលរួមជាមួយអង្គការនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





