ប្រព័ន្ធការពារដែនអាកាស Cheongung ត្រូវបានធ្វើឱ្យប្រសើរឡើងដើម្បីស្ទាក់ចាប់គ្រាប់មីស៊ីលផ្លោង
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ -- ទីភ្នាក់ងារទិញសព្វាវុធរដ្ឋរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូងបានធ្វើឱ្យប្រសើរឡើងដោយជោគជ័យនូវប្រព័ន្ធការពារដែនអាកាសCheongung-I របស់ខ្លួនទៅក្នុងប្រព័ន្ធ Cheongung-II ដែលមានសមត្ថភាពស្ទាក់ចាប់គ្រាប់មីស៊ីលផ្លោង ក៏ដូចជាយន្តហោះចម្បាំង។
រដ្ឋបាលកម្មវិធីការពារជាតិ (DAPA) របស់កូរ៉េខាងត្បូងបាននិយាយថាបណ្តុំដំបូងនៃប្រព័ន្ធការពារដែនអាកាស Cheongung ដែលបានធ្វើឱ្យប្រសើរឡើងនោះ ត្រូវបានដាក់ពង្រាយ ហើយត្រូវបានគេរំពឹងថានឹងត្រូវបានដំឡើង និងប្រតិបត្តិការពេញលេញនៅទូទាំងកម្លាំងយោធានៅត្រឹមឆ្នាំ២០២៧។
ការធ្វើឱ្យប្រសើរឡើងនេះ គឺជាផ្នែកមួយនៃគម្រោងដ៏ទូលំទូលាយមួយក្នុងគោលបំណងពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ប្រទេសនេះប្រឆាំងនឹងការគំរាមកំហែងពីគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។
បើប្រៀបធៀបជាមួយនឹងការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសCheongung-II ថ្មី រដ្ឋបាល DAPA បាននិយាយថា ការដំឡើងពួកវាពីកំណែមុនអាចជួយកាត់បន្ថយការចំណាយយ៉ាងច្រើន។
ខណៈដែលជាសម្បត្តិស្នូលនៃប្រព័ន្ធការពារដែនអាកាស និងគ្រាប់មីស៊ីលកូរ៉េពហុស្រទាប់របស់កូរ៉េខាងត្បូង ប្រព័ន្ធការពារដែនអាកាស Cheongung-II ដំណើរការនៅរយៈកម្ពស់ពាក់កណ្តាលកម្រិត ហើយមានសមត្ថភាពវាយប្រហារយ៉ាងជាក់លាក់ប្រឆាំងនឹងគ្រាប់មីស៊ីលផ្លោងរបស់សត្រូវ ខណៈដែលប្រព័ន្ធការពារដែនអាកាស Cheongung-I ត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់យន្តហោះចម្បាំង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





