រយៈពេល៣ថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញទទួលអំណោយពីសប្បុរសជនជាង១៦ម៉ឺនដុល្លារ និង៦៥០លានរៀល សម្រាប់ចែកជូនកងទ័ព និងពលរដ្ឋភៀសសឹក
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥-- រយៈពេល៣ថ្ងៃមកនេះ រដ្ឋបាលរាជធានីភ្នំពេញបានបន្តទទួលអំណោយពីសប្បុរសជននានាបានចំនួនជាង៦៥០លានរៀល និងជាង១៦ម៉ឺនដុល្លារ ព្រមទាំងសម្ភារគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារផ្សេងៗជាច្រើនមុខទៀត ដើម្បីបន្តយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន ដោយជម្លោះប្រដាប់អាវុធបង្កឡើង ដោយទាហានថៃឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា តាំងពីថ្ងៃទី២៤ ខែកក្កដាមក។ ការប្រគល់ និងទទួលបានធ្វើឡើងក្រោមវត្តមានឯកឧត្ដម ហួត ហៃ និងឯកឧត្ដម អ៊ឹម រ៉នហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងលោកនាយក លោកស្រីនាយិការង រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមម៉ោង១១និង៥០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញបានបន្តទទួលអំណោយពីសប្បុរសជននានាបានចំនួន៦៥០.៤៣៤.៧៣០រៀលនិង១៦២.៨០៦,០០ ដុល្លារអាមេរិក ព្រមទាំងសម្ភារគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារផ្សេងៗជាច្រើនមុខទៀត ដើម្បីបន្តយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធដែលបង្កឡើង ដោយទាហានថៃឈ្លានពាន។ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយជាតិខ្មែរ។
លោកស្រីបានបន្តថា សកម្មភាពនេះបានបង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅសមរភូមិក្រោយ គាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលបាន និងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

លោកស្រីបានឱ្យដឹងទៀតថា សម្រាប់ខឿនការពារជាតិប្រជាជន បងប្អូនប្រជាពលរដ្ឋយើងបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាពីចោលឈ្លានពានថៃ ជាមួយនឹងការចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ដែលកំពុងតែជ្រកកោននៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ ស្មារតីខ្មែរជួយខ្មែរ។ លោកស្រីក៏បានសូមជម្រាបបងប្អូនសប្បុរសជននានាអាចបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀតបានដោយរដ្ឋបាលរាជធានីភ្នំពេញបានចាត់តាំងក្រុមការងារចាំទទួលសម្ភារ និងថវិកាតាមរយៈ QR Code។

ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ដែលបាន និងកំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រឡាញ់ខ្មែរ៕
ដោយ សួស សំរិត





