អភិបាលរងខេត្តព្រះសីហនុសំណេះសំណាលជាមួយពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃចំនួន២៣នាក់ ក្នុងស្រុកស្ទឹងហាវ
AKP ព្រះសីហនុ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥-- លោក សាមុត សុធារិទ្ធ អភិបាលរងខេត្កព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ឧបត្ថម្ភជូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញចំនួន២៣នាក់ មកពីឃុំចំនួន២ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងនោះ ឃុំទំនប់រលកចំនួន ១២នាក់ និងឃុំកែវផុសចំនួន ១១នាក់ កាលពីរសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥។
លោក សាមុត សុធារិទ្ធ បានពាំនាំការផ្តាំផ្ញើសួសុខទុក និងសេចក្តីនឹករលឹកពីសម្តេចកតិ្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ជូនចំពោះបងប្អូនពលករដែលបានវិល ត្រឡប់មកពីប្រទេសថៃ។ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ដែលវិលមកពីប្រទេសថៃឱ្យរកការងារជូនពួកគាត់ធ្វើឱ្យបានគ្រប់ៗគ្នា ព្រោះខេត្តព្រះសីហនុ នៅមានការងារជាង៦ ០០០កន្លែងនៅរង់ចាំបងប្អូន។ ទន្ទឹមនោះរាជរដ្ឋាភិបាលក៏បានគិតគូរពីការងារបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវ:នៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាលសាលារដ្ឋ និងសាលានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានជំនាញចំនួន១០ ដែលយើងត្រូវជ្រើសរើស។


លោកអភិបាលរងខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ បច្ចុប្បន្នត្រូវការកម្លាំងពលកម្មជាច្រើនកន្លែងសម្រាប់បងប្អូន ទន្ទឹមនោះខេត្តព្រះសីហនុ ក៏មានសាលាបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវ:ចំនួន២កន្លែង ហើយការចូលរៀននៅសាលាបណ្តុះបណ្តាលបច្ចេកទេសរៀនជំនាញមិនមានការបង់លុយនោះទេ ប្រសិនបើបងប្អូនមានបណ្ណសមធម៌ ឬបណ្ណក្រីក្រ រដ្ឋផ្តល់ប្រាក់ខែក្នុងមួយខែ ២៨ម៉ឺន រៀលថែមទៀតផង។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ចំពោះបងប្អូនពលករខ្មែររបស់យើងដែលបានវិលត្រឡប់មកពីប្រទេសថៃ ហើយបងប្អូនងាកមករកការងារធ្វើនៅស្រុកយើងវិញ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីសន្តិសុខសង្គម ប្រាក់សោធននិវត្តជូនដល់បុគ្គលិក កម្មករនៅតាមបណ្តារោងចក្រ សហ គ្រាស ហើយកម្មវិធីនេះទទួលបានអត្ថប្រយោជន៍ចំនួន៣យ៉ាង៖ ១.អត្ថប្រយោជន៍ផ្នែកសុខភាព ២. អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ ៣. ប្រាក់សោធននិវត្តន៍ នៅពេលយើងចូលនិវត្តទទួលបានប្រាក់ចូលនិវត្តន៍ដូចមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយថ្នាក់ដឹកនាំខេត្ត ក៏ដូចក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិរបស់យើងបានយកចិត្តទុកដាក់ក្នុងការចាំជួយសម្របសម្រួលរកការងារជូនបងប្អូន ព្រោះខេត្តរបស់យើងមិនខ្វះការងារនោះទេ ដូច្នេះយើងត្រូវរួមគ្នាអភិវឌ្ឍខេត្តរបស់យើងមានវិស័យឧស្សាហកម្ម មានរោងចក្រ សហគ្រាស និងសេវាកម្ម សណ្ឋាគារ ដែលជាការងារស្របច្បាប់។


លោកអភិបាលរងខេត្តបានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរដ្ឋសភា ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០៥០ កម្ពុជា ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ទន្ទឹមនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីផ្តល់អត្ថប្រយោជន៍ជូនដល់និយោជិត កម្មករនូវប្រាក់សោធននិវត្តន៍ បណ្ណ ប.ស.ស និងបណ្ណសមធម៌ ពេលយើងមានជំងឺអាចទៅទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃ ចំពោះស្រ្តីមានផ្ទៃពោះទៅពិនិត្យសុខភាពរហូតកុមារអាយុ ២ឆ្នាំ ចំនួន១៤ដង គឺពិនិត្យផ្ទៃពោះម្តងទទួលបានថវិកា៨ម៉ឺនរៀល ហើយការពិនិត្យផ្ទៃពោះ គឺចង់ឱ្យទារកដែលបានកើតមកហើយនោះមានសុខភាពល្អ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តក៏បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ឧបត្ថមជូនពលករវិលពីប្រទេសថៃចំនួន ២៣នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ឃីតមួយកញ្ចប់ ( ក្រមា១ សារុង១ មុង១ ភួយ១) និងថវិកា១០ម៉ឺនរៀល៕
ដោយ ងូ សុមុនី





