សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន៥ពាន់គ្រួសារ នៅខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥--
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនភៀសសឹកចំនួន៥.០០០គ្រួសារ នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរយ៉ាងក្រៃលែងជាមួយលោកយាយលោកតា បងប្អូនជនភៀសសឹកទាំងអស់ ដែលបង្ខំចិត្តចាកចោលផ្ទះសម្បែងព្រាត់ប្រាសគ្រួសារដោយសារសង្គ្រាម និងបាននាំយកនូវព្រះរាជបន្ទូល និងព្រះសវណីយ៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង ថ្វីបើព្រះអង្គមិនបានយាងមកជួបលោកយាយលោកតា មាមីង បងប្អូន កូនក្មួយដោយផ្ទាល់ក៏ដោយ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវអំណោយមនុស្សធម៌ជាស្បៀង សម្ភារ និងថវិកា ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានផ្តល់ជូនប្រជាជនភៀសសឹកទាំងអស់ ដែលគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០ គីឡូ ក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៉ីវ ៣ដប, ទឹកត្រី ៣ដប, ឃីត ១ឃីត (សារុង, ក្រមា, មុង, ភួយ), សាប៊ូដុសខ្លួន១ដប, ម្សៅសាប៊ូ១គីឡូក្រាម, ថ្នាំដុសធ្មេញ១ទីប, ច្រាស់ដុសធ្មេញ ១ដើម និងថវិកា ៥ម៉ឺនរៀល។ ប្រគេនវត្តពោធិ៍ប្រាំពាន់ដើមរួមមាន៖ អង្ករ ២០០គីឡូក្រាម, មី ១០កេស, ស្ករស ១០ គីឡូក្រាម, តែ៥គីឡូក្រាម, ទឹកក្រូច១០កេស, ទឹកសុទ្ធ ១០កេស, សាច់ក្រក១២គីឡូក្រាម, ត្រីងៀត១២គីឡូក្រាម និងថវិកា៥លានរៀល។ ប្រគេន ព្រះចៅអធិការវត្តពោធិ៍៥ពាន់ដើម នូវបច្ច័យ២លានរៀល និងព្រះសង្ឃ៤អង្គ ១អង្គៗ ១លានរៀល។ ដោយឡែក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏មានសទ្ធាជ្រះថ្លាប្រគេនបច្ច័យ ចំនួន ១០.០០០ ដុល្លារទៀត សម្រាប់ចូលរួមកសាងព្រះពុទ្ធបដិមាក្នុងវត្តពោធិ៍៥ពាន់ដើម ផងដែរ។

ជាមួយគ្នានេះ គណៈប្រតិភូអមដំណើរក៏មានសទ្ធាជ្រះថ្លាចូលរួមកសាងបន្ថែម ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម និងលោកជំទាវ ថវិកា ២០លានរៀល, ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ ថវិកា ១ម៉ឺនដុល្លារ, អ្នកឧកញ៉ា ជឹង ធានសេង ថវិកា ១ម៉ឺនដុល្លារ, អ្នកឧកញ៉ា ម៉ម វណ្ណឌី ថវិកា ៤០លានរៀល, លោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ពេជ សោភ័ន ថវិកា ១ពាន់ដុល្លារ, ឯកឧត្តម អ៊ុត ឈន និងលោកជំទាវ ថវិកា ១ពាន់ដុល្លារ, លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ថវិកា ១ពាន់ដុល្លារ, ឯកឧត្តម ហ៊ីវ គីមហេង និងលោកជំទាវ លឹម ស្រីពៅ ព្រមទាំងបុត្រនិងចៅ ថវិកា ១ពាន់ដុល្លារ, ឯកឧត្តម ឯក ឃុនឌឿន ថវិកា ១ពាន់ដុល្លារ, លោក សេង ទាំងវៀង និងភរិយា ១ពាន់ដុល្លារ, និងសប្បុរសជន ៥រូបទៀត ថវិកា ៥ពាន់ដុល្លារ។
សូមជម្រាបជូនថា ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន២០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ សម្រាប់បន្តក្នុងប្រតិបត្តិការជួយដល់ជនភៀសសឹកបន្តទៀតផងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





