វត្តចំនួនពីរទទួលបានទៀនចំណាំព្រះវស្សា និងទេយ្យទាន
AKP កំពង់ចាម ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥--
វត្តចំនួនពីរ គឺវត្តជ័យគីរី (វត្តភ្នំហាន់ជ័យ) ស្ថិតក្នុងស្រុកកំពង់សៀម និងវត្តសន្ធររង្ស៊ី (វត្តខ្ពបតាងួន) ស្ថិតក្នុងស្រុកស្ទឹងត្រង់ ទទួលបានទៀនចំណាំព្រះវស្សា និងទេយ្យទានពីរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយដង្ហែ និងប្រគេនជូនដោយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។

ចំពោះគ្រឿងទេយ្យទានរបស់រដ្ឋបាលខេត្តកំពង់ចាមដែលបានវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តទាំង២ខាងលើ គឺក្នុង១វត្ត រួមមាន៖ ទៀនចំណាំព្រះវស្សាក្បាច់ចំនួន ១គូ អង្ករចំនួន ១០០ គីឡូក្រាម ទឹកសុទ្ធចំនួន ៥កេស ទឹកក្រូចចំនួន ១០កេស ត្រីខចំនួន ១កេស ទឹកត្រីចំនួន ៥កេស ទឹកស៊ីអីវចំនួន ៥កេស មី ចំនួន ១កេសធំ ទឹកដោះគោខាប់ចំនួន ១កេសធំ ស្ករសចំនួន ៥គីឡូក្រាម តែចំនួន ៥គីឡូក្រាម បច្ច័យមួយចំនួន។ ដោយឡែកចំពោះព្រះសង្ឃក្នុង១អង្គ ប្រគេនទេយ្យវត្ថុ១ និងបច្ច័យ ១០០.០០០រៀល ចង្ហាន់១ស្រាក់ ផ្លែឈើ១កន្ត្រកផងដែរ។

គួររំលឹកផងដែរថា តាមទំនៀមទម្លាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ ព្រះសង្ឃទាំងឡាយគ្រប់អារាម ត្រូវនិមន្តចូលកាន់ព្រះវស្សាក្នុងថេរវេលា៣ខែ ហើយសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ ក្នុងពេលវេលានេះ បងប្អូនដែលជាពុទ្ធបរិស័ទជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយ នាំយកបច្ច័យ ទេយ្យវត្ថុ ដូចជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាពដែលខ្លួនមានទៅប្រគេនដល់ព្រះសង្ឃដើម្បី ឧទ្ទិសកុសលផលបុណ្យទាំងនេះជូនដល់អ្នកមានគុណ មានមាតាបិតា និងញាតិសន្តាន ដែលបានចែកឋានទៅនោះ៕

ដោយ ឆាយ ម៉ុត





