ក្រសួងបរិស្ថានផ្ដល់ធុងសំរាមចំនួន៥០០ធុងបន្ថែមទៅលើចំនួនដែលបានធ្លាប់ផ្តល់ជូនដល់មន្ទីរបរិស្ថាននៅតាមព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចប្រគល់ធុងសំរាមចំនួន៥០០ធុងបន្ថែមពីលើចំនួនធុងសំរាមលើកទី១ ដែលប្រគល់ជូនដល់មន្ទីរបរិស្ថានខេត្តនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ចំនួន ៥០ ធុង និងរថយន្តដឹកសំរាម និងលើកទី២ បានប្រគល់ធុងសំរាម២២០ធុង និងរថយន្តដឹកសំរាមជូនរដ្ឋបាលខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ប្រជាជនរងគ្រោះបានរត់គេចចេញពីគ្រាប់ផ្លោងរបស់កងទ័ពថៃ ដែលកំពុងរំលោភអធិបតេយ្យភាពរបស់កម្ពុជា មានភាពលំបាកហើយជាពិសេស ការរស់នៅតាមតំបន់សុវត្ថិភាព ដែលបានរៀបចំ អនាម័យបរិស្ថាន ដើម្បីចូលរួមបង្កើនភាពស្អាតនៅជុំវិញមណ្ឌលសុវត្ថិភាព ក៏ដូចជានៅក្នុងមណ្ឌលសុវត្ថិភាព ហើយជាពិសេសនោះ គឺបានផ្សព្វផ្សាយភាពស្អាត ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ហើយក៏ដូចជាភាពស្អាតដែលកាត់ចែងនៅក្នុងចិត្ត និងភាពស្អាតដែលធ្វើឲ្យសុខភាពរបស់ប្រជាពលរដ្ឋ នៅក្នុងមណ្ឌលសុវត្ថិភាពទាំងអស់នោះបានល្អ។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានតែងតែគិតគូរអំពីជីវភាព និងសុខទុក្ខ គាំទ្រទៅដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពកម្ពុជារបស់យើងដែលបានកំពុងការពារយ៉ាងរឹងមាំបន្ទាត់ព្រំដែនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋភៀសសឹកមកមណ្ឌលសុវត្ថិភាពនានា៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងបរិស្ថាន)





