ឯកឧត្តម ចាន់ ដារ៉ុង និងក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពផ្គត់ផ្គង់ទឹកស្អាត និងបន្ទប់អនាម័យនៅទីតាំងទួលសុវត្ថិភាព
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោក ម៉ប់ ធីរឹត ប្រធានមន្ទីរ និងមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានចុះពិនិត្យស្ថានភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅទីតាំងទួលសុវត្ថិភាពចំនួន២កន្លែង នាថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ រួមមាន៖ ទីតាំងទី១. មណ្ឌលសុវត្ថិភាពក្នុងវត្ត នៅស្រុកគូលែន សរុបមានជនភៀសសឹកស្នាក់នៅចំនួន៩៣០គ្រួសារ ស្មើនឹង២៩១៥នាក់។

ឯកឧត្តម និងក្រុមការងារបានចុះពិនិត្យអំពីសកម្មភាពក្រុមការងារខួងអណ្តូងទឹកដែលក្រសួងអភិវឌ្ឍន៍ជនបទផ្តល់ឱ្យចំនួន៣អណ្តូង ដែលត្រូវបំពាក់ម៉ូទ័រ និងសាងសង់អាងស្តុក និងចែកចាយទឹក។ ជាលទ្ធផលអណ្តូងទី១ គឺសម្រេចបានជោគជ័យ មានជម្រៅ៦០ម៉ែត្រ ធាទឹកចំនួនប្រមាណជា៥ម៉ែត្រគូប ក្នុង១ម៉ោង។ ក្រុមការងារបានដំឡើងម៉ូទ័ររួចរាល់ និងបានបូមទឹកចែកចាយជូនបងប្អូនប្រើប្រាស់។

បន្ថែមពីនោះ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារនឹងបន្តខួងនូវអណ្តូងទី២ និងទី៣ជាបន្តទៀត។ តាមការសន្និដ្ឋានចំពោះការផ្គត់ផ្គង់ទឹកសម្រាប់អណ្តូងទាំង៣នេះរួមជាមួយអណ្តូង១ទៀតដែលបានសាងសង់រួចហើយនោះគឺនឹងមិនមានការខ្វះខាតទឹកប្រើប្រាស់នោះទេ។ ចំណែកបន្ទប់ទឹកវិញមានសរុបទាំងអស់ចំនួន២៦បន្ទប់ ដែលអាចប្រើប្រាស់បានគ្រប់គ្រាន់ ដោយមិនមានបញ្ហាអ្វីឡើយ (ក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់ចំនួន១០បន្ទប់ សប្បុរសជនជួយចំនួន១០បន្ទប់ ដែលកំពុងដំណើរការសាងសង់ និងចំនួន៦បន្ទប់ទៀតដែលមានស្រាប់នៅក្នុងវត្ត)។

ទីតាំងទី២៖ មណ្ឌលសុវត្ថិភាពក្នុងវត្តពោធិ៍ ក្នុងស្រុកគូលែន សរុបមានចំនួន ៣ ៧៤៨ គ្រួសារ ស្មើនឹង១២ ៧២២នាក់ នៅទីតាំងនេះទាំងការផ្គត់ផ្គង់ទឹក និងបន្ទប់ទឹកគឺមិនមានបញ្ហាខ្វះខាតទេ ដោយមានក្រសួងឧស្សាហកម្ម និងនវានុវត្តន៍ បានរៀបចំបណ្តាញទឹកស្អាតគ្រប់គ្រាន់ រីឯគណៈអភិបាលខេត្តបាន និងបន្តសាងសង់បន្ទប់ទឹកបន្ថែម៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





