រដ្ឋបាលស្រុកគងពិសីទទួលអំណោយសប្បុរសធម៌ពីរដ្ឋបាលឃុំព្រៃវិហារ និងរដ្ឋបាលឃុំមហាឬស្សី
AKP កំពង់ស្ពឺ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ -- លោក ហន ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីរដ្ឋបាលឃុំមហាឬស្សី និងឃុំព្រៃវិហារ ដើម្បីចូលរួមចំណែកទុកចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ទាហានជួរមុខ និងជនភៀសសឹកនៅតាមបណ្តោយព្រំដែនក្នុងការរកទីទទួលមានសុវត្ថិភាព នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងគ្រានោះ លោកអភិបាលស្រុកបានថ្លែងអំណរគុណទៅដល់សប្បុរសជន និងប្រជាពលរដ្ឋ ដែលបាននាំអំណោយ និងសម្ភារ និងថវិកា សម្រាប់គាំទ្រដល់កងទ័ពជួរមុខក្នុងការបំពេញភារកិច្ចការពារទឹកដី និងជនភៀសសឹកនៅតាមតំបន់សុវត្ថិភាព។ អំណោយនេះថ្វីត្បិតតែវាបន្តិចបន្តួច តែកើតចេញពីស្មារតីចែករំលែករបស់រដ្ឋបាលឃុំ និងប្រជាពលរដ្ឋ ដែលតែងតែគិតគូរពីការរស់នៅ និងជីវភាពរបស់ពូៗបងប្អូន ជាវីរកងទ័ពដែលកំពុងឈរជើងការពារព្រំដែន។

លោក ហន ពិសិដ្ឋ បានបន្តទៀតថា វីរកងទ័ពជួរមុខរបស់យើងជាសសរគ្រឹះការពារទឹកដីដ៏រឹងមាំ ដោយពួកគាត់បានលះបង់កម្លាំងកាយចិត្ត ព្រមទាំងអាយុជីវិតដើម្បីការពារមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ដូច្នេះសម្រាប់យើងជាអ្នកនៅសមរភូមិក្រោយសូមលើកទឹកចិត្តដល់កងទ័ពជួរមុខរបស់យើងមិននៅឯកោនោះទេ គឺមានប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បាន និងកំពុងផ្ដល់ការលើកទឹកចិត្ត និងផ្ដល់ជាស្បៀងអាហារ មិនឱ្យខ្វះខាតឡើយ និងសូមជូនពរឱ្យកងទ័ពជួរមុខរបស់យើង ជួបតែសេចក្តីសុខ ជោគជ័យ យកឈ្នះលើសត្រូវឈ្លានពាន។

គួរបញ្ជាក់ផងដែរថា សម្ភារដែលបានប្រគល់ជូនសម្រាប់ឃុំមហាឬស្សីរួមមាន អង្ករចំនួន ០១តោន និង៥០០គីឡូក្រាម មីចំនួន០៧កេស ពងទាចំនួន៣០០គ្រាប់ ទឹកត្រីចំនួន០១យួរ ទឹកសុទ្ធចំនួន២៤យួរ អំបិលចំនួន០២តោន និងថវិកាចំនួន ១០,៦០៥,០០០រៀល។ ឃុំព្រៃវិហារ រួមមាន អង្ករចំនួន០៣តោន និង៤០០គីឡូក្រាម មីចំនួន៦២កេស ត្រីខចំនួន០២កេសតូច ទឹកត្រី និងទឹកស៊ីអ៊ីវចំនួន១១យួរ ទឹកសៀងចំនួន០១យួរ ទឹកសុទ្ធចំនួន១២យួរ ទឹកផ្លែឈើចំនួន០២កេស សារុងចំនួន១០ ក្រម៉ាចំនួន០៥ អាវចំនួន០៥ ប៊ីចេងចំនួន០១គីឡូ ស្ករសចំនួន០៣គីឡូក្រាម និងថវិកាចំនួន២,០០០,០០០រៀល៕


ដោយ លឹម សាន្ត





