អ៊ីស្រាអែលបន្តផ្តល់ជំនួយដល់តំបន់ហ្គាហ្សាឡើងវិញ ខណៈដែលមានការព្រមានអំពីការកើនឡើងនៃគ្រោះទុរ្ភិក្ស
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ -- កងកម្លាំងការពារអ៊ីស្រាអែល(IDF) បាននិយាយថា ជំនួយមនុស្សធម៌ដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ដែលរួមមានម្សៅ ស្ករ និងទំនិញកំប៉ុង ត្រូវបានទម្លាក់នៅទីនោះ។
នៅពេលមុននេះ IDF បានរាយការណ៍ពីការបន្តនៃការទម្លាក់ជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា។
យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងបណ្តាញតេឡេក្រាមថា «ដោយអនុលោមតាមការណែនាំនយោបាយ កាលពីពេលថ្មីៗនេះ IDF បានអនុវត្តការទម្លាក់ពីយន្តហោះនៃជំនួយមនុស្សធម៌ដែលជាផ្នែកមួយនៃការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុញ្ញាត និងសម្រួលដល់ការចូលទៅដល់នៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។ យន្តហោះទម្លាក់ជំនួយនេះត្រូវបានអនុវត្តនៅក្នុងការសម្របសម្រួលជាមួយអង្គការអន្តរជាតិ និងដឹកនាំដោយ COGAT ដែលកញ្ចប់ជំនួយនោះមានគ្រឿងឧបភោគបរិភោគចំនួនប្រាំពីរមុខ ដែលរួមមានទាំងម្សៅ ស្ករ និងអាហារកំប៉ុងជាដើម»។
កាលពីថ្ងៃពុធ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដហាណុម ហ្គេប្រេយេស៊ុស (Tedros Adhanom Ghebreyesus)បាននិយាយថា អង្គការ WHO បានឃើញនូវការកើនឡើងយ៉ាងខ្លាំងនៃការស្លាប់ដែលទាក់ទងនឹងកង្វះអាហារូបត្ថម្ភនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយអង្គការនេះបានកត់ត្រាករណីស្លាប់របស់កុមារអាយុក្រោម ៥ឆ្នាំចំនួន២១នាក់ពីបុព្វហេតុនេះនៅក្នុងឆ្នាំ២០២៥។ ប្រធានអង្គការ WHO បាននិយាយបន្ថែមថា កង្វះអាហារូបត្ថម្ភស្រួចស្រាវនៅតំបន់ហ្គាហ្សាស្ទ្រីបបានប៉ះពាល់ដល់ប្រជាជនជាង ១០% ជាមួយនឹងជាង ២០% នៃស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន ត្រូវបានធ្វើតេស្តថាទទួលរងពីកង្វះអាហារូបត្ថម្ភ ដែលជារឿយៗស្ថិតក្នុងទម្រង់ធ្ងន់ធ្ងរ។ លោកបានសង្កត់ធ្ងន់ថាវិបត្តិអត់ឃ្លានកាន់តែធ្ងន់ធ្ងរឡើងដោយសារការបញ្ឈប់ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ និងការរឹតត្បិតចំពោះការទទួលបានជំនួយរបស់ពួកគេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





