កងរាជអាវុធហត្ថប៊ុលហ្គារី ប្រារព្ធខួបលើកទី១៤៤
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ -- អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៊ុលហ្គារី លោក តូនី តូដូរ៉ូវ (Tony Todorov) បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនក្នុងពិធីរំលឹកខួបលើកទី១៤៤ នៃការបង្កើតកងរាជអាវុធហត្ថក្នុងប្រទេស ដែលត្រូវបានដកស្រង់សម្តីដោយមជ្ឈមណ្ឌលសារព័ត៌មាននៃក្រសួងមហាផ្ទៃថា អគ្គនាយកដ្ឋានកងអាវុធហត្ថ គឺជាអ្នកធានាសន្តិសុខរបស់ពលរដ្ឋប៊ុលហ្គារី។ លោកបានកត់សម្គាល់ថា និយោជិតរបស់អគ្គនាយកដ្ឋានតែងតែស្ថិតនៅជួរមុខក្នុងផ្នែកសំខាន់ៗបំផុត ហើយសូមអរគុណចំពោះពួកគេដែលសន្តិសុខនៃទីតាំងយុទ្ធសាស្ត្រ និងបេសកកម្មការទូតត្រូវបានធានាប្រកបដោយជោគជ័យ។
លោក នីកូឡាយ នីកូឡូវ (Nikolay Nikolov) អគ្គនាយកនៃអគ្គនាយកដ្ឋានកងរាជអាវុធហត្ថ ប្រតិបត្តិការពិសេស និងប្រឆាំងភេរវកម្មបាននិយាយថា «ឥឡូវនេះ បញ្ហាកើតឡើងយ៉ាងឆាប់រហ័សដែលទាមទារឱ្យមានការសម្រេចចិត្តជាបន្ទាន់ និងចាត់សកម្មភាពឱ្យបានរហ័ស ដែលមិនអាចខ្វះបាននូវគុណភាព។ នេះមានន័យថា យើងម្នាក់ៗត្រូវតែខិតខំបន្ថែមទៀតត្រៀមរៀបចំខ្លួនឱ្យបានល្អ និងបណ្តុះបណ្តាលឱ្យបានច្រើន»។
កងរាជអាវុធហត្ថនៅប្រទេសប៊ុលហ្គារីត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ខែកក្កដា ឆ្នាំ១៨៨១ ដោយព្រះរាជក្រឹត្យរបស់ព្រះអង្គម្ចាស់ អាឡិចសាន់ដឺរ។ក្រោយៗមក វាត្រូវបានរៀបចំឡើងវិញ បិទ និងកសាងឡើងវិញ។ជាមួយនឹងការផ្លាស់ប្តូរនៅក្នុងច្បាប់ក្រសួងមហាផ្ទៃឆ្នាំ១៩៩៧កងរាជអាវុធហត្ថនេះបានក្លាយជាផ្នែកមួយនៃក្រសួងមហាផ្ទៃ ហើយអនុវត្តទៅតាមទម្រង់បច្ចុប្បន្នរបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





