លោក ពូទីន៖ ទំនាក់ទំនងរវាងរុស្ស៊ី និងកៀហ្ស៊ីស៊ីស្ថាន រួមចំណែកដល់ស្ថិរភាពក្នុងតំបន់អឺរ៉ាស៊ី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានអបអរសាទរសមភាគីកៀហ្ស៊ីស៊ីស្ថានលោក សាឌៀ ចាប៉ារ៉ូវ (Sadyr Japarov) ក្នុងខួបលើកទី២៥ នៃសេចក្តីថ្លែងការណ៍ស្តីពីមិត្តភាព ទំនាក់ទំនងសម្ព័ន្ធមិត្ត និងភាពជាដៃគូរវាងប្រទេសទាំងពីរ ហើយបានកត់សម្គាល់អំពីការពង្រឹងគុណភាពនៅក្នុងកិច្ចសន្ទនាទ្វេភាគី។ នេះបើយោងតាមសាររបស់ប្រធានាធិបតីរុស្ស៊ីដែលបានបង្ហោះនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងកាលពីថ្ងៃអាទិត្យម្សិលមិញ។
សារនោះបាននិយាយថា «សូមទទួលយកការអបអរសាទរដោយស្មោះស្ម័គ្ររបស់ខ្ញុំក្នុងឱកាសនៃទិវាដ៏រីករាយអស្ចារ្យសម្រាប់ ២៥ឆ្នាំចាប់តាំងពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីមិត្តភាព ទំនាក់ទំនងសម្ព័ន្ធមិត្ត និងភាពជាដៃគូរវាងប្រទេសរបស់យើង។ សេចក្តីថ្លែងការណ៍ឆ្នាំ២០០០ បានដាក់ជាមូលដ្ឋានសម្រាប់ដំណាក់កាលទំនើបនៃទំនាក់ទំនងអន្តររដ្ឋរវាងរុស្ស៊ី និងកៀហ្ស៊ីស៊ីស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងទិសដៅសំខាន់ៗ»។
មេដឹកនាំរុស្ស៊ីបាននិយាយថា លោកប្រាកដណាស់ថា រុស្ស៊ី និងកៀហ្ស៊ីស៊ីស្ថាននឹងមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់នូវការអភិវឌ្ឍយ៉ាងស្វាហាប់នៃទំនាក់ទំនងទ្វេភាគី និងអន្តរកម្មប្រកបដោយការស្ថាបនានៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) អង្គការ CIS អង្គការសហប្រតិបត្តិការសៀងហៃ(SCO) និងរចនាសម្ព័ន្ធពហុភាគីផ្សេងៗទៀត។
លោកបានសង្កត់ធ្ងន់ថា «ទាំងនេះប្រាកដជាឆ្លើយតបទៅនឹងផលប្រយោជន៍សំខាន់ៗរបស់ប្រជាជនជាមិត្តរបស់យើង ហើយស្របតាមកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អឺរ៉ាស៊ី»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





