ប្រទេសឡាវបង្កើនកិច្ចប្រឹងប្រែងជួយសង្គ្រោះព្យុះ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ -- នៅក្នុងប្រទេសឡាវរដ្ឋាភិបាលកំពុងបង្កើនការសង្គ្រោះគ្រោះមហន្តរាយ និងការត្រៀមលក្ខណៈបន្ទាប់ពីព្យុះនាពេលថ្មីៗនេះ។
កិច្ចប្រជុំពិគ្រោះយោបល់មួយ ស្តីពីផែនការសង្គ្រោះគ្រោះមហន្តរាយឆ្នាំ២០២៥ ត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុននៅទីក្រុងវៀងចន្ទន៍ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រីឡាវ លោក ចាន់សាម៉ន ចាន់យ៉ាឡាត(Chansamone Chanyalath)។
យោងតាមរបាយការណ៍ផ្លូវការ បានឱ្យដឹងថា ព្យុះទីហ្វុងវីផា (Wipha)បានបង្កឱ្យមានគ្រោះទឹកជំនន់ និងការបាក់ដីនៅក្នុងភូមិចំនួន២៦២ នៅទូទាំង៣៤ស្រុក ដែលប៉ះពាល់ដល់ប្រជាជនប្រមាណជិត ១៥.០០០គ្រួសារ។ ព្យុះនេះបានឆក់យកជីវិតមនុស្សចំនួន ៤នាក់ របួស ៦នាក់ និងបាត់ខ្លួន ៤នាក់ ។ វាបានបំផ្លាញផ្ទះចំនួន ២.២៤៩ខ្នង ផលដំណាំចំនួន ១.៧៥៣ហិកតា បណ្តាញអគ្គិសនីចំនួន១១ សាលារៀនចំនួន ៥ខ្នង ផ្លូវចំនួន ៤៧ខ្សែ និងស្ពានចំនួន៥។
រដ្ឋាភិបាលឡាវបានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យមានការប្រុងប្រយ័ត្ន និងបង្កើនការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ។ គណៈបញ្ជាការខេត្ត និងស្រុកត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលការសង្គ្រោះ។ ការផ្គត់ផ្គង់សម្រាប់ការសង្គ្រោះបន្ទាន់កំពុងត្រូវបានចែកចាយខណៈដែលក្រុមជួយសង្គ្រោះនៅតែបន្តជួយប្រជាជនដែលជាប់គាំង និងសង្គ្រោះជនរងគ្រោះ។ ការជួសជុលផ្លូវ និងការស្តារលំហូរចរាចរណ៍ក៏កំពុងដំណើរការផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





