ឡាវ និងគុយបា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាប្រពៃណី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ -- ប្រទេសឡាវ និងគុយបា បានបើកកិច្ចពិភាក្សានយោបាយលើកទី២ នៅទីក្រុងវៀងចន្ទន៍ កាលពីពេលថ្មីៗនេះក្រោមអធិបតីភាពអនុរដ្ឋមន្ត្រីការបរទេសឡាវ លោក ម៉ាឡៃថង ថាំម៉ាវង្សា (Malaithong Thammavongsa) និងអនុរដ្ឋមន្ត្រីការបរទេសគុយបាលោក ហ្គើរ៉ាដូ ផេណាល់វើ ផតថល (Gerardo Peñalver Portal)។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍជាតិសំខាន់ៗ និងបានផ្លាស់ប្តូរយោបល់គ្នាទៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។ កិច្ចពិគ្រោះយោបល់នោះត្រូវបានសាទរថាជាជំហានដ៏មានអត្ថន័យក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពទ្វេភាគី និងកិច្ចសហប្រតិបត្តិការរយៈពេលវែង ព្រមទាំងពង្រឹងការយល់ដឹងពីគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូជាប្រពៃណីរបស់ពួកគេ ដែលបានកសាងឡើងអស់រយៈពេលជាច្រើនទសវត្សរ៍នៃសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនងដ៏យូរអង្វែងនេះបន្តរីកចម្រើនតាមរយៈដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ និងកិច្ចសហការគ្នាក្នុងវិស័យមួយចំនួន ដូចជាការថែទាំសុខភាព ការអប់រំ កីឡា កសិកម្ម វប្បធម៌និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម។
ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពិនិត្យ និងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាពីមុន និងការប្តេជ្ញាចិត្តកម្រិតខ្ពស់។ ពួកគេក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានស្រាប់ ខណៈដែលស្វែងរកផ្នែកថ្មីនៃប្រយោជន៍រួម ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដោយផ្តោតសំខាន់ទៅលើការគាំទ្រគ្នាទៅវិញទៅមក និងឱកាសបំពេញបន្ថែម។
ប្រទេសឡាវ និងគុយបា បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏យូរអង្វែងរបស់គ្នាទៅវិញទៅមក និងបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជំរុញភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធ ជាក់ស្តែង និងយូរអង្វែងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





