ក្រសួងការពារជាតិកម្ពុជា បន្តច្រានចោលការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាបានប្រើប្រាស់កាំជ្រួច រយៈចម្ងាយឆ្ងាយ PHL-03 បាញ់ចូលទឹកដីថៃ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥--លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ជាថ្មីម្តងទៀតដោយបានច្រានចោលនូវការចោទប្រកាន់ដោយគ្មានការពិតរបស់ភាគីថៃ ដែលថាកម្ពុជាបានប្រើប្រាស់កាំជ្រួចរយៈចម្ងាយឆ្ងាយ PHL-03 បាញ់ចូលទឹកដីថៃ ដែលជាការចោទប្រកាន់ ក្នុងចេតនាទុច្ចរិតរបស់ភាគីថៃដើម្បីខ្លួនអាចដំឡើងកម្រិតនៃការប្រើប្រាស់អាវុធកាន់តែកាចសាហាវជាងមុន ព្រៃផ្សៃជាងមុន អមនុស្សធម៌ជាងមុន និងកាន់តែខ្លាំងជាងមុនក្នុងការវាយប្រហារដោយបំពានមកលើដែនអធិបតេយ្យរបស់កម្ពុជា។ ការច្រានចោលរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាចំពោះការចោទប្រកាន់របស់ភាគីថៃយ៉ាងដូច្នេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃស្ថានការណ៍នៃការឈ្លានពានរបស់ប្រទេសថៃមកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា អ្វីៗគឺជាការប្រព្រឹត្តដោយឃោរឃៅរបស់ភាគីថៃ តែបែរជាគេបានព្យាយាមមកលាបពណ៌មកលើកម្ពុជា បំភាន់សាធារណមតិជាតិ-អន្តរជាតិ និងប្រជាជនរបស់ខ្លួនទៅវិញ ដែលខាងកម្ពុជាសូមទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់រាល់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដែលមានចេតនាបិទបាំងការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួន។ លោកជំទាវ ឧត្តមសេនីយ៍ឯកលើកឡើងថា ដោយមកដល់ម៉ោងនេះតាមក្រុមការងារបានបញ្ជាក់ថាបណ្តាញសារព័ត៌មាន និងផេកផ្លូវការរបស់ប្រទេសថៃបានបិទមិនឱ្យប្រជាជនកម្ពុជាមើលឃើញពីការផ្សាយព័ត៌មានមិនពិតរបស់ខ្លួន ដែលចំណុចនេះហើយបានសបញ្ជាក់ថាថៃមានការរអៀសខ្លួនដែលខ្លួនបានប្រព្រឹត្ត ហើយខ្លាចគេដឹងការពិត។ លោកជំទាវ ឧត្តមសេនីយ៍ឯក និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ទៀតថា មកទល់ពេលនេះ កម្ពុជានៅតែប្តេជ្ញាក្នុងការដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈមធ្យោបាយផ្លូវច្បាប់ និងការទូតស្របតាមច្បាប់អន្តរជាតិ ខណៈដែលក្រសួងការពារជាតិក៏បានត្រៀមលក្ខណៈយ៉ាងពេញលេញក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជនរបស់ខ្លួនទោះក្នុងតម្លៃណាក៏ដោយ។
ជាមួយគ្នានេះ លោកជំទាវ ឧត្តមសេនីយ៍ឯកបានអះអាងថា នេះគឺជាសិទ្ធិស្របច្បាប់របស់កម្ពុជាយោងតាមមាត្រា៥១ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ក្នុងការការពារខ្លួន និងការឆ្លើយតតបយ៉ាងម៉ឺងម៉ាត់ចំពោះអំពើឈ្លានពានយ៉ាងកម្រោលរបស់ថៃ ដោយកម្ពុជាសូមបញ្ជាក់ជាថ្មីម្តងទៀតថា កងយោធពលខេមរភូមិន្ទធ្វើសកម្មភាពក្រោមការអត់ធ្មត់ខ្ពស់ ប្រកបដោយវិជ្ជាជីវៈ ដោយធ្វើការវាយបកដើម្បីការពារខ្លួនតែប៉ុណ្ណោះ ពោលគឺផ្តោតតែទៅលើមូលដ្ឋានកងទ័ពថៃតែប៉ុណ្ណោះ មិនបានផ្តោតទៅលើគោលដៅជនស៊ីវិលឡើយ៕
ដោយ៖ ចាន់ សុភឿន





