រថយន្ដជំនួយចំនួន ១៦៦គ្រឿងបានចូលទៅក្នុងតំបន់ហ្គាហ្សាពេញមួយយប់
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ -- ប៉ុស្តិ៍ទូរទស្សន៍ Al-Qahera News របស់ប្រទេសអេហ្ស៊ីបបានដកស្រង់ប្រភពសុំមិនបញ្ចេញឈ្មោះមួយដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រថយន្តដឹកជំនួយប្រហែល ១៦៦គ្រឿងបានចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបពេញមួយយប់។
ប្រភពបានបញ្ជាក់ពីការចូលរបស់រថយន្តសង្គ្រោះមនុស្សធម៌ចូលទៅក្នុងតំបន់ឡោមព័ទ្ធចាប់ពីយប់ថ្ងៃពុធរហូតដល់ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ តាមច្រកព្រំដែន Zikim និងច្រកព្រំដែន Kerem Shalom/Karem Abu Salem។
ប្រភពបាននិយាយថា ជំនួយនេះរួមមានម្សៅ ស្បៀងអាហារ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដោយប្រភពបន្ថែមថា «ប្រទេសអេហ្ស៊ីបបាននឹងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាមួយភាគីអន្តរជាតិទាំងអស់ ដើម្បីនាំយកជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបក្នុងអំឡុងពេលបច្ចុប្បន្ន»។
ស្ថានការណ៍មនុស្សធម៌នៅតំបន់ហ្គាហ្សាបន្តកាន់តែយ៉ាប់យ៉ឺន ខណៈដែលអ៊ីស្រាអែលបានបញ្ឈប់ការនាំចូលទំនិញ និងការផ្គត់ផ្គង់ចូលទៅក្នុងតំបន់ បន្ទាប់ពីការផុតកំណត់នៃដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមករាជាមួយក្រុមហាម៉ាស់។
យោងតាមអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាបានឱ្យដឹងថា យុទ្ធនាការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដែលបន្តចាប់តាំងពីខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនស្លាប់ជាង ៥៩.២១០នាក់ និងរបួសជាង ១៤៣.០៤០នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





