វេទិកាការងារ និងកម្មសិក្សាផ្ដល់ឱកាសថ្មីសម្រាប់ពលករវិលត្រឡប់ពីបរទេសនៅស្រុកព្រះនេត្រព្រះ
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥--
មជ្ឈមណ្ឌលការងារ សហការជាមួយមន្ទីរការងារ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរស្រុក ឃុំ ភូមិ បានរៀបចំដោយជោគជ័យនូវវេទិកាការងារដ៏សំខាន់មួយ ស្ដីពីឱកាសការងារ និងកម្មសិក្សាការងារ សម្រាប់បងប្អូនប្រជាពលរដ្ឋជាពលករដែលបានវិលត្រឡប់មកពីប្រទេសជិតខាង ក្នុងស្រុកព្រះនេត្រព្រះ។ វេទិកានេះត្រូវបានប្រារព្ធឡើងនៅបរិវេណសាលាស្រុកព្រះនេត្រព្រះ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោក យឹម សំណាង អភិបាលរងខេត្ត បានគូសបញ្ជាក់ពីសារៈសំខាន់នៃវេទិកានេះ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងវិស័យការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសពលករដែលបានវិលត្រឡប់មកពីប្រទេសជិតខាង។
"វេទិកាថ្ងៃនេះគឺជាកាយវិការមួយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តចំពោះបងប្អូនពលករទាំងអស់ ដែលបានលះបង់ពេលវេលានិងកម្លាំងកាយចិត្តទៅរកចំណូលទ្រទ្រង់គ្រួសារនៅក្រៅប្រទេស។ យើងយល់ថា ការវិលត្រឡប់មកមាតុភូមិវិញ ជួនកាលអាចប្រឈមនឹងការស្វែងរកការងារធ្វើថ្មី។ ហេតុនេះហើយ ទើបបង្កើតវេទិកានេះឡើង ដើម្បីផ្តល់នូវព័ត៌មានជាក់ស្ដែង ឱកាសការងារច្បាស់លាស់ និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ ដែលអាចជួយបងប្អូនឱ្យទទួលបានការងារសមរម្យនៅស្រុកកំណើត"។

លោកអភិបាលរងខេត្តបន្ទាយមានជ័យបានបន្តទៀតថា "យើងបានអញ្ជើញក្រុមហ៊ុន គ្រឹះស្ថាន និងសហគ្រាសជាច្រើនមកចូលរួមក្នុងវេទិកានេះ ដើម្បីបង្ហាញពីតម្រូវការកម្លាំងពលកម្មរបស់ពួកគេ។ លើសពីនេះ ក៏មានកម្មវិធីកម្មសិក្សា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាច្រើន ដែលអាចជួយបងប្អូនពង្រឹងសមត្ថភាព និងទទួលបានជំនាញថ្មីៗស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន។ ខ្ញុំសូមជំរុញឱ្យបងប្អូនទាំងអស់ចាប់យកឱកាសនេះ ពិភាក្សាផ្ទាល់ជាមួយនិយោជក និងមន្ត្រីជំនាញ ដើម្បីស្វែងរកផ្លូវដើរថ្មីសម្រាប់អនាគតដ៏ល្អប្រសើរ"។
លោកអភិបាលរងខេត្តក៏បានបន្ថែមថា ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ជាពិសេសធនធានមនុស្សដែលមានស្រាប់នៅក្នុងសហគមន៍។ ដូច្នេះការផ្តល់ឱកាសការងារដល់ពលករវិលត្រឡប់គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងកាត់បន្ថយភាពក្រីក្រ។ វត្តមានរបស់បងប្អូនប្រជាពលរដ្ឋជាពលករដែលវិលត្រឡប់មកពីប្រទេសជិតខាងក្នុងវេទិកានេះមានចំនួនច្រើនកុះករ និងបង្ហាញពីភាពសកម្មក្នុងការស្វែងរកឱកាសថ្មី។

លោកស្រី សុខុម ផល្លី អាយុ ៣៥ឆ្នាំ រស់នៅភូមិគោកលុនឃុំជប់វារី ដែលទើបនឹងត្រឡប់មកពីប្រទេសថៃបានរយៈពេលពីរខែ បានសម្តែងនូវអារម្មណ៍រីករាយថា៖ "ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលមានវេទិកាបែបនេះ។ តាំងពីត្រឡប់មកពីប្រទេសថៃ ខ្ញុំនៅមិនទាន់រកការងារបាននៅឡើយទេ។ មកទីនេះ ខ្ញុំបានឃើញឱកាសការងារច្រើន រួមទាំងកម្មវិធីបណ្ដុះបណ្ដាលជំនាញដេរ ដែលខ្ញុំចាប់អារម្មណ៍។ ខ្ញុំសង្ឃឹមថា នឹងអាចទទួលបានការងារល្អនៅជិតផ្ទះ ហើយលែងចាំបាច់ទៅធ្វើការឆ្ងាយពីកូនទៀតហើយ"។
ចំណែក លោក សារ៉ាត់ វណ្ណា អាយុ ២៩ ឆ្នាំ មកពីភូមិឃុំព្រះនេត្រព្រះ ក៏បានលើកឡើងដែរថា"ខ្ញុំបានទៅធ្វើការសំណង់នៅប្រទេសម៉ាឡេស៊ីអស់រយៈពេល ៣ ឆ្នាំ។ ឥឡូវខ្ញុំត្រឡប់មកវិញ ហើយចង់រកការងារធ្វើនៅស្រុកខ្លួនឯង។ ក្នុងវេទិកានេះ ខ្ញុំបានជួបជាមួយតំណាងក្រុមហ៊ុនកាត់ដេរមួយដែលកំពុងត្រូវការជាងដេរ ហើយខ្ញុំក៏ធ្លាប់មានបទពិសោធន៍តិចតួចដែរ។ ខ្ញុំគិតថា វេទិកានេះពិតជាមានប្រយោជន៍ណាស់សម្រាប់ពួកខ្ញុំ ដែលជាពលករវិលត្រឡប់ ព្រោះយើងមិនសូវមានព័ត៌មានអំពីការងារក្នុងស្រុកទេ"។
សូមបញ្ជាក់ថាវេទិកាការងារនេះមិនត្រឹមតែជាកន្លែងសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងអ្នកស្វែងរកការងារ និងនិយោជកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពមួយដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់អាជ្ញាធរខេត្តក្នុងការគាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ជាពិសេសពលករដែលបានលះបង់ដើម្បីគ្រួសារនិងសេដ្ឋកិច្ចជាតិ។ តាមរយៈវេទិកានេះ គេសង្ឃឹមថា ពលករវិលត្រឡប់ទាំងអស់នឹងអាចស្វែងរកបាននូវឱកាសការងារសមរម្យ និងបន្តរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍របស់ខ្លួន៕
ដោយ ឈុន សារ៉ាត





