លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំស្ដីពីការងារអភិរក្សជលផលទាំងទឹកសាប និងទឹកប្រៃ ដើម្បីធ្វើយ៉ាងណាឱ្យមាននិរន្តភាព ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់
AKP ភ្នំពេញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៦--លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកិច្ចប្រជុំស្តីអំពីការងារអភិរក្សធនធានជលផលនៅកម្ពុជា។កិច្ចប្រជុំនេះបានរៀបចំឡើង កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការដឹកនាំ កិច្ចពិភាក្សា និងលើកផែនការការងារស្តីអំពីការអភិរក្សជលផលនាពេលនេះគឺក្នុងគោលដៅធ្វើយ៉ាងណា ឱ្យការងារគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល មាននិរន្តភាព ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របទៅតាមចក្ខុវិស័យរបស់ក្រសួង។

គួរបញ្ជាក់ផងដែរថា តាមរយៈ ផែនការសកម្មភាពអាទិភាពសម្រាប់ឆ្នាំ២០២៦នេះ អង្គប្រជុំបានសម្រេចដូចជា៖ ការកែលម្អទីជម្រកព្រៃលិចទឹក និងព្រៃកោងកាង ទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹក បង្កើតនិងគ្រប់គ្រងតំបន់គ្រប់គ្រងជលផលសមុទ្រចំនួន៣ទីតាំង នៅខេត្តកែប កំពត និងកោះកុង។ កំណត់ និងទម្លាក់ប្រអប់បេតុងដើម្បីការពារទីជម្រកវារីសត្វ និងបង្កើតជម្រកសិប្បនិម្មិត រៀបចំសារមន្ទីរបាតសមុទ្រ១កន្លែង ដើម្បីបង្កើនជម្រកសិប្បនិម្មិត និងទាក់ទាញភ្ញៀវទេសចរបាតសមុទ្រ បន្តការពង្រឹងការការពារសត្វផ្សោតទន្លេមេគង្គ ដោយធ្វើទំនើបកម្ម វិធីសាស្ត្រតាមដាន និងត្រួតពិនិត្យ និងបន្តយន្តការការពារ២៤ម៉ោងលើ២៤ម៉ោង ។


ក្រៅពីនេះ ក៏មានការរៀបចំបញ្ជីប្រភេទធនធានជលផលកម្រ និងជិតផុតពូជមានដូចជា កន្ធាយក្បាលកង្កែប ផ្សោត ផ្កាថ្ម និងអណ្តើកហ្លួង និងបន្តការរៀបចំឯកសារពាក់ព័ន្ធដើម្បីចុះបញ្ជីកន្លែងអភិរក្សជលផលជាដើម៕

ដោយ មករា





