ប្រាសាទតាក្របីជាទីសក្ការបូជា និងប្រភពទាក់ទាញភ្ញៀវទេសចរ
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥--
ប្រាសាទតាក្របីដែលជាបេតិកភណ្ឌដ៏ចំណាស់មួយរបស់កម្ពុជា ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាច្រើនកុះករ ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋមកពីបណ្តាខេត្តរាជធានី។ វត្តមានរបស់ពួកគាត់បានបង្ហាញពីការស្រឡាញ់ និងការឱ្យតម្លៃទៅលើសម្បត្តិវប្បធម៌ជាតិ ក៏ដូចជាការរីករាយនឹងសន្តិភាព និងការអភិវឌ្ឍដែលបាននាំមកនូវលទ្ធភាពក្នុងការធ្វើដំណើរទស្សនកិច្ចកម្សាន្ត។

ប្រភពពីមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យបានឱ្យដឹងថា នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:០០ ព្រឹក ប្រាសាទតាក្របីបានស្វាគមន៍ភ្ញៀវទេសចរជាតិយ៉ាងច្រើនកុះករ សរុបចំនួន ៣០៦ នាក់ ក្នុងនោះមានស្ត្រី ១៧៦ នាក់ និងព្រះសង្ឃ១០ អង្គ។ ភ្ញៀវទេសចរទាំងនេះបាននិមន្ត និងធ្វើដំណើរមកពីបណ្ដាខេត្តនានា រួមមាន ឧត្តរមានជ័យ ក្រចេះ បន្ទាយមានជ័យ សៀមរាប កណ្តាល ត្បូងឃ្មុំ និងរាជធានីភ្នំពេញ ដើម្បីទស្សនា និងស្វែងយល់ពីប្រវត្តិដ៏ចំណាស់នៃប្រាសាទបុរាណមួយនេះ។

វត្តមានដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋ និងព្រះសង្ឃនាពេលនេះ បានឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបេតិកភណ្ឌវប្បធម៌ជាតិ។ ព្រះសង្ឃដែលបាននិមន្តមកទស្សនា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងបានចាត់ទុកប្រាសាទតាក្របីជាទីកន្លែងដ៏ពិសិដ្ឋសម្រាប់ប្រតិបត្តិធម៌ និងស្វែងយល់ពីប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា។ ចំណែកឯប្រជាពលរដ្ឋវិញ ក៏បានបង្ហាញពីអារម្មណ៍រំភើប និងមោទកភាព ដែលបានមកដល់ទីនេះផ្ទាល់ ដើម្បីគយគន់សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។ ពួកគេបានកោតសរសើរដល់សោភ័ណភាព និងភាពរឹងមាំនៃប្រាសាទ ទោះបីជាពេលវេលាបានកន្លងផុតទៅរាប់រយឆ្នាំក៏ដោយ។
ប្រាសាទតាក្របីជាប្រាសាទបុរាណខ្មែរមួយដ៏សំខាន់ ដែលមានទីតាំងស្ថិតនៅភូមិសាស្រ្តព្រំដែនជាប់នឹងប្រទេសថៃ ក្នុងខេត្តឧត្តរមានជ័យ។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី ៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះមានលក្ខណៈពិសេសប្លែកពីគេត្រង់អគារកណ្តាលដែលសង់ពីថ្មបាយក្រៀម និងមានឆ្លាក់រូបទេពតា និងព្រះពុទ្ធអង្គយ៉ាងល្អវិចិត្រ។ ទោះបីជាមានការខូចខាតខ្លះៗទៅតាមកាលវេលាក៏ដោយ ក៏ប្រាសាទតាក្របីនៅតែរក្សាបាននូវភាពអស្ចារ្យនៃសិល្បៈខ្មែរ។

សក្តានុពលនៃប្រាសាទតាក្របីមិនត្រឹមតែជាទីតាំងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់មួយផងដែរ។ ទីតាំងភូមិសាស្រ្តដែលនៅជិតព្រំដែន បានផ្តល់នូវភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស ក្នុងការធ្វើដំណើរមកទស្សនា។ ក្រៅពីនេះ តំបន់ជុំវិញប្រាសាទក៏មានសក្តានុពលក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងសហគមន៍ផងដែរ ដោយអាចទាក់ទាញភ្ញៀវទេសចរដែលចង់ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ ប្រាសាទតាក្របីមានទីតាំងស្ថិតនៅក្នុងភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ទីតាំងភូមិសាស្រ្តរបស់ប្រាសាទ ត្រូវបានហ៊ុព័ទ្ធដោយព្រៃឈើ និងធម្មជាតិដ៏ស្រស់បំព្រង ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបរិយាកាសស្ងប់ស្ងាត់ និងស័ក្តិសមសម្រាប់ការទស្សនា និងស្វែងយល់។ ការធ្វើដំណើរទៅកាន់ប្រាសាទតាក្របី អាចធ្វើឡើងតាមរយៈផ្លូវលំ ដែលផ្តល់ឱកាសដល់ភ្ញៀវទេសចរបានគយគន់ទេសភាពជនបទស្រស់បំព្រងរបស់កម្ពុជា។
ការកើនឡើងនៃចំនួនភ្ញៀវទេសចរមកកាន់ប្រាសាទតាក្របី គឺជាសញ្ញាណដ៏ល្អមួយដែលបង្ហាញពីការរីកចម្រើននៃវិស័យទេសចរណ៍វប្បធម៌នៅកម្ពុជា។ វាជាឱកាសដ៏សំខាន់មួយក្នុងការជំរុញការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌជាតិ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ៕
ដោយ ឈុន សារ៉ាត





