បទយកការណ៍៖ កម្ពុជាជាប្រទេសដែលលេចធ្លោជាងគេក្នុងតំបន់អាស៊ាន លើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥--
ព័ត៌មានក្លែងក្លាយបានក្លាយជាប្រធានបទមួយគួរឱ្យព្រួយបារម្ភសម្រាប់ពិភពលោក ក្នុងសម័យកាលដែលពិភពលោកមានប្រព័ន្ធផ្សព្វផ្សាយទំនើបទូលំទូលាយ បើកចំហ ហើយអ្នកណាក៏មានមធ្យោបាយក្នុងការផ្សព្វផ្សាយ។ ក្រុមជនមួយចំនួនដែលមានគំនិតមិនល្អ បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទៅជាមធ្យោបាយនៃការបង្កើតព័ត៌មានក្លែងក្លាយ បំពុលសង្គម ឬក៏យកបណ្ដាញព័ត៌មានទៅធ្វើជាអាជីវកម្ម។

ស្របពេលបណ្ដាប្រទេសជាច្រើនកំពុងរួមគ្នាចេញសេចក្ដីថ្លែងការណ៍ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ កម្ពុជាបានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ និងកំពុងទទួលបានភាពលេចធ្លោជាងគេក្នុងតំបន់អាស៊ាន។ សម្រាប់ឆ្នាំ២០២៥នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (20th Asia Media Summit) ដែលកម្ពុជានឹងចែករំលែកបទពិសោធន៍ភាពជោគជ័យរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដល់ប្រទេសនានាដែលអញ្ជើញមកចូលរួមសន្និសីទឱ្យបានទូលំទូលាយ។

ប្រធានបទពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាប្រធានបទមួយសំខាន់ ដោយនៅក្នុងឆ្នាំ២០១៩កន្លងទៅព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះម្ដងរួចមកហើយ ខណៈនៅពេលនោះបានសម្រេចចេញនូវសេចក្ដីថ្លែងការណ៍អង្គរប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ ក្រោមការដឹកនាំរបស់ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្ដីក្រសួងព័ត៌មាន។ នៅឆ្នាំ២០២៥នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះម្ដងទៀតជាលើកទីពីរ ដែលកម្ពុជាក៏នឹងបន្តនូវបេសកកម្មរបស់ខ្លួន ដែលអាចនិយាយថា ក្រោយសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នេះ នឹងមានសេចក្ដីប្រកាសព័ត៌មានសៀមរាបអង្គរប្រឆាំងព័ត៌មានក្លែងក្លាយដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពនូវអ្វីដែលជាសេចក្ដីថ្លែងការណ៍កាលពីឆ្នាំ២០១៩ ថាតើ៦ឆ្នាំក្រោយមក មានអ្វីប្រែប្រួល។

ក្នុងបរិបទបច្ចុប្បន្ននេះ អ្វីដែលត្រូវផ្តោតសំខាន់ទៅលើការប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាកិច្ចការងារអាទិភាព ក៏ដូចជាបណ្ដាប្រទេសផ្សេងៗ។ នេះជាប្រសាសន៍របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ស្ដីពី ការរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (20th Asia Media Summit) ដែលនឹងធ្វើឡើងពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្ដសៀមរាប។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា តំណាងក្រសួង ស្ថាប័ន ជាពិសេសក្រសួងព័ត៌មានរបស់បណ្ដាប្រទេសទាំងអស់ គឺត្រូវនាំគ្នាពិភាក្សាថា «តើយើងត្រូវរួមគ្នាយ៉ាងដូចម្ដេចដើម្បីប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ ព្រោះនាពេលបច្ចុប្បន្ននេះ ជាមួយបច្ចេកវិទ្យាទំនើប បញ្ញាសិប្បនិម្មិត(AI) ការបង្កើតនូវព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភាន់ផ្សេងៗនេះ គឺមានការកើនឡើងច្រើន»។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២៤កន្លងទៅនេះ បានកត់សម្គាល់ទៅលើការបង្កើតនូវព័ត៌មានក្លែងក្លាយទៅលើវិស័យសំខាន់ៗដូចជា សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សន្តិភាព សេដ្ឋកិច្ច ដែលមានចំនួនរហូតទៅដល់ ៣ ៦២១ ព័ត៌មានក្លែងក្លាយដែលត្រូវបានកត់សម្គាល់ ដោយមិនរាប់បញ្ចូលនូវព័ត៌មានក្លែងក្លាយផ្សេងៗទៀតដែលត្រូវបានប្រឌិតឡើង។
សម្រាប់ព័ត៌មានក្លែងក្លាយគឺពិតជាគ្រោះថ្នាក់ ប្រសិនបើមិនបានចាត់វិធានការ។ ការចាត់វិធានការតែមួយផ្នែក តែម្នាក់ឯង គឺមិនទទួលជោគជ័យទេ។ ដូច្នេះនៅក្នុងក្របខ័ណ្ឌនេះ ក្រសួងព័ត៌មានបានជំរុញទៅលើការងារការទូតព័ត៌មានដោយបានជំរុញ ក៏ដូចជាធ្វើសហប្រតិបត្តិការជាមួយបណ្ដាប្រទេសពាក់ព័ន្ធផ្សេងៗ ជជែកអំពីការធ្វើការងាររួមគ្នា ក្នុងនោះ កម្ពុជាបានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដែលកម្ពុជាតាំងពីថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៥ ដើម្បីផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែជ្រៅអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធានការទប់ស្កាត់ បង្ការនូវព័ត៌មានក្លែងក្លាយ ព្រោះឥឡូវនេះព័ត៌មានក្លែងក្លាយ និងព័ត៌មានពិតនៅលាយឡំគ្នា ដោយសារតែប្រព័ន្ធផ្សព្វផ្សាយទំនើបគឺទូលំទូលាយ បើកចំហ ហើយអ្នកណាក៏មានមធ្យោបាយក្នុងការផ្សព្វផ្សាយដែរ។ ដូចនេះ ក្រុមជនមួយចំនួនដែលមានគំនិតមិនល្អ គឺគាត់បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទៅជាមធ្យោបាយនៃការបង្កើតព័ត៌មានក្លែងក្លាយ បំពុលសង្គម ឬក៏យកបណ្ដាញព័ត៌មានទៅធ្វើជាអាជីវកម្ម (ក្រុមMMO)។
ឯកឧត្តម នេត្រ ភក្រ្ដា ក៏បានសង្កត់ធ្ងន់ថា អ្វីដែលជាកម្មវត្ថុសំខាន់គឺការជំរុញឱ្យបណ្ដាប្រទេសទាំងអស់រួមសហការគ្នា រួមសាមគ្គីគ្នា ក្នុងការអនុវត្តនូវវិធានការ ការអប់រំ វិធានការច្បាប់ វិធានការបច្ចេកទេសដែលត្រូវធ្វើការងាររួមគ្នាដើម្បីទប់ស្កាត់។ ឯកឧត្ដមបានអះអាងថា ការទប់ស្កាត់នេះមិនមែនមានន័យថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជាការកៀបសង្កត់ទៅលើសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការបោះពុម្ពផ្សាយទេ។ ប៉ុន្តែជាការមួយដែលចូលរួមនៅក្នុងការពង្រឹងនូវគុណភាពព័ត៌មាន ក៏ដូចជាសុវត្ថិភាពព័ត៌មានជូនទៅដល់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋខ្លះមានចំណេះដឹងមានកម្រិត ហើយជួនកាលអត់សូវបានយកចិត្តទុកដាក់ខ្ពស់ ជួនកាលគាត់បានប្រើប្រាស់ព័ត៌មានក្លែងក្លាយដោយមិនបានដឹងខ្លួន ដែលធ្វើឱ្យប៉ះពាល់ទៅដល់ការគិតគូរ ទៅដល់អនាគតរបស់គាត់។

ក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (20th Asia Media Summit)ខាងមុខនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តមនឹងដឹកនាំផ្ទាល់ក្នុងការពិភាក្សាក្នុងនាមជាម្ចាស់ផ្ទះផង និងប្រតិបត្តិករនៅក្នុងការដឹកនាំធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដែលបានធ្វើកន្លងមក។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា៖ «យើងនឹងចែករំលែកបទពិសោធន៍ ព្រោះបណ្ដាប្រទេសទាំងអស់ដែលជាសមាជិកហ្នឹង យើងឃើញថា បើនៅអាស៊ានវិញ មានតែប្រទេសកម្ពុជាទេ ដែលយើងបានលេចធ្លោក្នុងការងារដឹកនាំយុទ្ធនាការ អ៊ីចឹងយើងមានបទពិសោធន៍ យើងមានមេរៀនពេញលេញ ក៏ដូចជាអ្វីដែលយើងអាចបង្ហាញឱ្យគេបានយល់អំពីឆន្ទៈ និងសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា របស់ក្រសួងព័ត៌មានរបស់យើងនេះ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ»។
បើតាមឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ការដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនេះគឺទី១. ជាមោទនភាពរបស់កម្ពុជាពីព្រោះថាគឺជាការផ្តល់នូវជំនឿទុកចិត្តដល់បណ្តាប្រទេសផ្សេងៗ និងរួមទាំង វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក(Asia-Pacific Institute for Broadcasting Development-AIBD) ដែលជាអង្គការអន្តររដ្ឋាភិបាលដែលបានផ្តល់នូវជំនឿទុកចិត្តមកលើកម្ពុជាឱ្យរៀបចំធ្វើជាម្ចាស់ផ្ទះ ហើយក្នុងនេះបង្ហាញពីស្ថិរភាព សន្តិភាព។ ទី២. ភាពជាអ្នកដឹកនាំ និងទី៣ដំណើរការដឹកនាំគឺមានបទពិសោធន៍ដែលជាជំនឿទុកចិត្តក្នុងការបំពេញការងារមិនថ្លោះធ្លោយ ការបំពេញការងារដោយយកចិត្តទុកដាក់ ដោយទទួលបានលទ្ធផល ។ទាំង៣. ចំណុចនេះ បង្ហាញថាបណ្តាប្រទេសនានាបានផ្តល់ជំនឿទុកចិត្តមកឱ្យកម្ពុជារបស់យើងធ្វើជាម្ចាស់ផ្ទះ ដែលនេះជាចំណុចមួយសំខាន់ណាស់។ «បើគេ ពិនិត្យទៅលើបណ្តាប្រទេសក្នុងតំបន់ គឺកម្ពុជា ជាប្រទេសមួយដែលមានភាពសកម្ម ក្នុងនេះតំណាងក្រសួងព័ត៌មានរបស់យើងមានសមត្ថភាព មានគំនិត ក៏ដូចជាមានយោបល់ ចូលរួមកិច្ចប្រជុំ ដោយភាពសកម្មបំផុត។ ក្រៅពីនេះ កម្ពុជាបច្ចុប្បន្នគេមើលឃើញមិនដូចអតីតកាលទេ ដោយកម្ពុជាសម័យតេជោ កម្ពុជាសម័យធិបតី កម្ពុជា ជាប្រទេសមួយរីកលូតលាស់ មានការរីកចម្រើន ហើយធនធានមនុស្សក៏មានការកើនឡើង សមត្ថភាពមន្រ្តីរបស់យើង ក៏កាន់តែខ្ពស់។ ក្រៅពីនេះបើយើងមើលទៅលើការប្រកួតប្រជែង ការចូលរួមមតិយោបល់កម្ពុជាក៏ស្ថិតនៅក្នុងចំណោមប្រទេសដទៃទៀតដែលមានគំនិតល្អៗ មានសកម្មភាពដែលចូលរួមដំណើរការអភិវឌ្ឍន៍តំបន់ ពង្រឹងសណ្តាប់ធ្នាប់លើវិស័យព័ត៌មានក្នុងតំបន់ ក៏ដូចជាគំនិតផ្តួចផ្តើមផ្សេងៗ។ ទាំងអស់នេះ ជាចំណុចមួយដែលយើងមានជំនឿទុកចិត្តទៅលើការចូលរួមចែករំលែក បទពិសោធន៍ និងក៏ដូចជាបង្ហាញឱ្យបណ្តាប្រទេសផ្សេងៗបានមើលឃើញពីគំរូរបស់យើង។» នេះគឺជាការលើកឡើងបន្ថែមរបស់ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងឱ្យដឹងទៀតថា ក្រៅពីនេះ ផលប្រយោជន៍មួយទៀតដែលពួកគាត់អញ្ជើញមកចូលរួមក្នុងសន្និសីទកំពូលនេះគឺមិនមែនត្រឹមតែគ្រប់គ្រងគោលនយោបាយ ទៅលើប្រព័ន្ធផ្សព្វផ្សាយ ទៅលើការរៀបចំផែនការទេ ប៉ុន្តែក៏មានអ្នកសារព័ត៌មានចូលមកដែរ។ ដូច្នេះ បើអ្នកសារព័ត៌មានមកពួកគាត់នឹងផលិតព័ត៌មានអំពីកម្ពុជា ដំណើរទស្សនកិច្ចមកកាន់កម្ពុជា ពិសេសការយកកិច្ចប្រជុំកំពូលនេះធ្វើនៅខេត្តសៀមរាបដែលជាទឹកដីសម្បូរដោយសក្តានុពលទេសចរណ៍ និងជាទឹកដីសម្បូរទៅដោយបេតិកភណ្ឌទាំងជាតិ និងបេតិភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ឯកឧត្ដមបានឱ្យដឹងទៀតថា៖ «ប្រាសាទអង្គរវត្ត ដែលជាទីមោទនភាពរបស់ជាតិបានផ្តល់ឱកាសឱ្យពួកគាត់បានឃើញ។ ពួកគេនឹងថតរូប ពួកគេនឹងសរសេរអត្ថបទ ទៅផ្សព្វផ្សាយបន្ថែម។ ក្រៅពីនេះពួកគេនឹងយកកម្ពុជាទៅផ្សព្វផ្សាយឱ្យពិភពលោកបានដឹង បានឃើញតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទៅកាន់ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទផ្សេងៗទៀតនៅលើទឹកដីអង្គររបស់កម្ពុជា»។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្ដីបានកត់សម្គាល់ឃើញថា ឥរិយាបថរបស់ប្រជាជនលើពិភពលោកមានការផ្លាស់ប្តូរ ហើយកាលពីទសវត្សរ៍ ឆ្នាំ ១៩៨០ គេស្គាល់កម្ពុជាតែទៅលើរបបប្រល័យពូជសាសន៍ ជាប្រទេសដែលកើតឡើងតែសង្រ្គាមទេ។ ប៉ុន្តែរយៈពេល២៦ឆ្នាំ ចុងក្រោយនេះ ពោលគឺក្រោយកម្ពុជាទទួលបានសុខសន្តិភាព ក្រោមការអនវត្តគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន រំលាយអង្គការចាត់តាំង រំលាយកងទ័ព របស់ខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនដល់កម្ពុជា មិនដែលកើតមានឡើងទេក្នុងរយៈពេល៥០០ឆ្នាំ ប្រវត្តិសាស្រ្តរបស់កម្ពុជាយើងនេះ។ ទាំងនេះបានធ្វើឱ្យកម្ពុជាយើងរីកចម្រើន បានធ្វើឱ្យកម្ពុជា មានមុខមានមាត់ និងបានកសាងនូវ កិត្យានុភាពជាតិរបស់យើងលើឆាកអន្តរជាតិ។ ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងឱ្យដឹងផងដែរថា៖ «ការផ្លាស់ប្តូរនាពេលនេះគឺបើកាលណាគេនិយាយអំពីកម្ពុជានាពេលនេះគឺគេនឹងកោតសរសើរកម្ពុជាមានអង្គរវត្ត ស្អាត ពួកគាត់ធ្លាប់មកទស្សនា កោតសរសើរស្នាមញញឹមរាក់ទាក់ពលរដ្ឋកម្ពុជាចំពោះភ្ញៀវទេសចរ កម្ពុជាមានម្ហូបឆ្ងាញ់ មានកន្លែងដើរកម្សាន្តច្រើន។ នេះហើយគឺជារូបភាពផ្លាស់ប្តូរចេញពីអ្វីដែលគេឃើញបែបអវិជ្ជមាន មកជាបែបវិជ្ជមាន។ ហេតុនេះក្នុងក្របខ័ណ្ឌប្រព័ន្ធផ្សព្វផ្សាយនេះយើងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីអ្វីដែលកម្ពុជាយើងមាន»។

ពាក់ព័ន្ធនឹងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ដែលក្រសួងព័ត៌មានកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនេះដែរ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងព័ត៌មាន និងជាសមាជិកគណៈកម្មការរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០បានឱ្យដឹងផងដែរថា កម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនេះបានផ្តល់ឱកាសដ៏វិសេសវិសាល ដល់អ្នកជំនាញក្នុងវិស័យព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឯកជន មកពីជុំវិញពិភពលោក មកជួបគ្នាដោយនាំមកជាមួយចំណេះដឹង បទពិសោធន៍ និងគំនិតថ្មីៗ សម្រាប់ការចូលរួមចែករំលែក ផ្លាស់ប្តូរយោបល់ ឆ្ពោះទៅរកដំណោះស្រាយ ចំពោះឧបសគ្គ និងកត្តាប្រឈមនានា ដែលបានជួបប្រទះក្នុងពេលកន្លងមក និងបច្ចុប្បន្ន សំដៅលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងលើពិភពលោក។ ឯកឧត្ដមបានចាត់ទុកថា ប្រធានបទនៃការប្រឆាំងព័ត៌មានក្លែងក្លាយនេះមានសារៈសំខាន់ណាស់ ពីព្រោះបញ្ហាព័ត៌មានក្លែងក្លាយកំពុងក្លាយជាឧបសគ្គ និងគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ះពាល់ដល់ភាពសុខដុម និងការអភិវឌ្ឍក្នុងសង្គម។ ឯកឧត្ដមបានបន្ថែមថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នេះ នឹងជជែកអំពីសារៈសំខាន់នៃការប្រឆាំងព័ត៌មាន ការជំរុញបន្ថែមលើការយល់ដឹងសាធារណៈ បង្កើនអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ការពង្រឹងកិច្ចសហប្រតិបត្តិការការទូតព័ត៌មាន លើយន្តការផ្លាស់ប្តូរព័ត៌មាន ការឆ្លើយតបវិបត្តិ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ការនិងធានាសុវត្ថិភាពព័ត៌មាន។
ឯកឧត្ដម ទេព អស្នារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព័ត៌មានក្លែងក្លាយមិនត្រឹមតែបំផ្លាញការជឿជាក់របស់ប្រជាជនទេ ប៉ុន្តែវា បង្កហានិភ័យដល់សន្តិសុខជាតិ ស្ថិរភាពសង្គម និងទំនាក់ទំនងអន្តរជាតិ។ ហេតុដូច្នេះហើយ កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នេះ នឹងក្លាយជាវេទិកាអន្តរជាតិ សមស្របនឹងកាលៈទេសៈដែលពិភពលោកកំពុង ប្រឈមនឹងវិបត្តិនៃការសាយភាយព័ត៌មានក្លែងក្លាយ ហើយចាំបាច់ត្រូវរួមគ្នា ទប់ស្កាត់ និងលុបបំបាត់»។

សូមជម្រាបជូនថា ចំនួនព័ត៌មានក្លែងក្លាយក្នុងត្រីមាសទី២ ឆ្នាំ២០២៥ មានចំនួន ៨៧៣ ករណី។ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ១ ៧៥៧ ករណី ដែលចំនួននេះមានការកើនឡើងចំនួន ជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕

ដោយ៖ គង់ សិរីរ័ត្ន, ទេស ច័ន្ទសុធារី និង មករា





