សម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវក្ដីរីករាយចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកហ្វីលីពីន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវក្ដីរីករាយចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកហ្វីលីពីន នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និងកាន់តែល្អប្រសើរ នៅពេលខាងមុខបន្តទៀត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Roy M.Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍ចំពោះមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងសហការី ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមនៅក្នុងពីធីបិទហ្វឹកហ្វឺនការប្រយុទ្ធក្នុងទីក្រុង រវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកហ្វីលីពីននៅពេលនេះ ហើយសម្ដេចតេជោចាត់ទុកដំណើរមកកាន់កម្ពុជា របស់ឧត្ដមសេនីយ៍ឯក Roy M.Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងជំរុញទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនឱ្យកាន់តែល្អប្រសើរ។ និយាយដោយឡែកនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកហ្វីលីពីន។

ជាមួយគ្នានេះ ឧត្ដមសេនីយ៍ឯក Roy M.Galido បានសម្ដែងនូវក្ដីអរគុណរីករាយ ដែលសម្ដេចតេជោបានអនុញ្ញាឱ្យ ឯកឧត្ដម និងសហការីបានជួបសម្ដែងការគួរសម ហើយបានបញ្ជាក់ថា កងទ័ពហ្វីលីពីនបានត្រៀមខ្លួនជាស្រេច ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយនឹងកងទ៏ពជើងគោកកម្ពុជា។ ឯកឧត្ដម ក៏បានសម្ដែងនូវក្ដីរីករាយ ដែលកងទ័ពហ្វីលីពីន បានចែករំលែកនូវបទពិសោធន៍ រួមទាំងបានរៀនសូត្របន្ថែមពីកងទ័ពកម្ពុជា និងវប្បធម៌បរិយាកាសនៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលពួកគេបានមកចូលរួមក្នុងពិធីបិទហ្វឹកហ្វឺនការប្រយុទ្ធក្នុងទីក្រុង នេះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកហ្វីលីពីន នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ នឹងកាន់តែល្អប្រសើរ នៅពេលខាងមុខបន្តទៀត។ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានពេញចិត្តចំពោះវគ្គហ្វឹកហ្វឺនការប្រយុទ្ធក្នុងទីក្រុង ដោយសម្ដេចបានបញ្ជាក់ថា ការប្រយុទ្ធក្នុងទីក្រុងនេះ គឺជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់កងទ័ពកម្ពុជា ហើយការបើកវគ្គហ្វឹកហ្វឺននេះ គឺជារឿងត្រឹមត្រូវសមស្របនឹងសភាពការណ៍ ដើម្បីឱ្យកម្ពុជា មានបទពិសោធន៍ក្នុងការទប់ស្កាត់ការប្រយុទ្ធនៅក្នុងទីក្រុង ជាពិសេសគឺការប្រឆាំងទៅនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មនានា ដែលជាការបង្ការសម្រាប់ការកើតឡើងជាយថាហេតុក្នងពេលណាមួយជាដើម។

សម្ដេចតេជោ ក៏បានចែករំលែកនូវបទពិសោធន៍របស់សម្ដេច ដែលមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ធ្លាប់បានអាន និងស្ដាប់ពីប្រវត្តិសម្ដេចតេជោកន្លងមក ដោយសម្ដេចបានរម្លឹកពីអតីតកាល ដែលសម្ដេចបានចូលបម្រើក្នុងជួរកងទ័ពតាំងពីអាយុ១៨ឆ្នាំ ការតស៊ូ ការប្រយុទ្ធ និងរងរបួស ការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ការដោះស្រាយបញ្ហានានា ការបញ្ចប់សង្គ្រាមទាំងស្រុងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៩៨ នាំកម្ពុជាមានសុខសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភាក៏សង្ឃឹមដែរថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ និងកាន់តែជិតស្និទ្ធថែមទៀតនៅពេលខាងមុខ និងកាន់តែរឹងមាំផងដែរ។
ឧត្ដមសេនីយ៍ឯក Roy M.Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានផ្ដល់តម្លៃយ៉ាងខ្ពស់ចំពោះបទពិសោធន៍របស់សម្ដេចតេជោ ដោយឯកឧត្ដមបញ្ជាក់ថា នេះគឺជាបទពិសោធន៍ដ៏កម្រ ដែលបាននាំកម្ពុជាចេញពីរបបប្រល័យពូសាសន៍ ចេញពីសង្គ្រាម ហើយនាំកម្ពុជាមកកាន់សន្តិភាព ហើយឧត្ដមសេនីយ៍ឯក Roy M.Galido បញ្ជាក់ថា សម្ដេចតេជោ គឺជាមេដឹកនាំដ៏អស្ចារ្យ៕
ដោយ៖ ជឹម ណារី





