រសៀលថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះ "បូជនីយដា្ឋនចងចាំនកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព" ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះ "បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព" ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ដំណើរការនៃការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ដែលបានចាប់ផ្តើមនាឆ្នាំ២០១៩ ក្រោមគំនិតផ្ដួចផ្ដើមដំបូងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានណែនាំក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ក្រសួងពាក់ព័ន្ធរៀបចំចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា”ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្រាប់ជាការចងចាំរបស់យុវជនជំនាន់ក្រោយរាប់ពាន់ឆ្នាំទៅមុខ។
តាមរយៈអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថាប័នជំនាញពាក់ព័ន្ធបានរៀបចំស្រាវជ្រាវ ចងក្រងឯកសារបច្ចេកទេស និងបានបង្កើតក្រុមការងារបច្ចេកទេសដែលមានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងជាអ្នកទទួលបន្ទុកសម្របសម្រួលស្រាវជ្រាវ និងប្រមូលផ្ដុំចងក្រងឯកសារ។
ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំស្នើសុំដាក់បញ្ចូល “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ដែលរួមមានអតីតមន្ទីរឃុំឃាំងក្រោមដី ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីត្រៀមរបស់អង្គការយូណេស្កូ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០។
រហូតដល់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីជួយសម្របសម្រួលការងាររៀបចំដាក់បញ្ចូល "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព"។ ឯកសារស្នើសុំនិងឯកសារពាក់ព័ន្ធនានាត្រូវបានបញ្ចប់ និងត្រូវបានផ្ញើទៅកាន់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនាខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបានសិក្សាស្រាវជ្រាវ ចងក្រង ពិនិត្យវាយតម្លៃ និងបានកែសម្រួលយ៉ាងល្អិតល្អន់។
ក្រោយទទួលបានឯកសារស្នើសុំរបស់ភាគីកម្ពុជា និងពិនិត្យពីលក្ខណៈត្រឹមត្រូវរបស់ឯកសាររួច គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានបញ្ជូនអ្នកជំនាញក្រុមប្រឹក្សាអន្តរជាតិផ្នែកប្រាសាទនិងរមណីយដ្ឋាន (ICOMOS) មកពិនិត្យវាយតម្លៃលើទីតាំងផ្ទាល់ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
សូមជម្រាបជូនថា ទីតាំងទាំង៣ ដែលជាកម្មវត្ថុនិងជាបូជនីយដ្ឋានចងចាំនៃកម្ពុជា បានចាប់ផ្តើមតាមកាលប្បវត្តិជាប្រវត្តិសាស្ត្រ ពោល គឺ ម-១៣ អតីតមន្ទីរឃុំឃាំងក្រោមដី ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ស្ពឺនិងខេត្តកំពង់ឆ្នាំង ក្រោមការគ្រប់គ្រងរបស់ ឌុច តាំងពីសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៥។ បទពិសោធន៍របស់ ឌុច នៅ ម-១៣ បានក្លាយជាមូលដ្ឋាននៃការសម្រេច របស់មេដឹកនាំ ប៉ុល ពត ឱ្យឌុច ក្លាយជាមេដឹកនាំគុកទួលស្លែង ស-២១។ តាមប្រភពព័ត៌មាននានា ទីតាំងនោះ ក៏ធ្លាប់ជាកន្លែងធ្វើទារុណកម្មសម្លាប់មនុស្សក្នុងសម័យពួកឥស្សរតស៊ូជាមួយអាណានិគមបារាំងផងដែរ។ គុកទួលស្លែង និងមន្ទីរប្រល័យពូជសាសន៍ជើងឯក ជាទីតាំងឃុំឃាំងធ្វើទារុណកម្ម និងសម្លាប់មនុស្សនៅភ្នំពេញក្នុងរបប ប៉ុល ពត នាអំឡុងឆ្នាំ១៩៧៥-១៩៧៩។ ទីតាំងទាំង៣ តំណាងនូវអំពើឧក្រិដ្ឋកម្មនានា និងបានបាត់បង់ជីវិតប្រជាជនកម្ពុជា រាប់លាននាក់ ក្នុងចំណោមមន្ទីរសន្តិសុខប្រមាណ២០០កន្លែង វាលពិឃាតជិត៤០០កន្លែង និងរណ្តៅសាកសព រាប់មិនអស់នៅទូទាំងប្រទេស៕
ដោយ៖ គង់ សិរីរ័ត្ន





