ខេត្តបន្ទាយមានជ័យប្រកាសណែនាំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៦ ដើម្បីពង្រឹងការអភិវឌ្ឍមូលដ្ឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥--រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពី «ការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្ត ឆ្នាំ២០២៥-២០២៦ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៦»។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពមន្ត្រីពាក់ព័ន្ធ ចៅសង្កាត់ មេឃុំ និងមេភូមិប្រមាណជិត៣០០រូប។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ដែលជាគន្លឹះក្នុងការធានាថា ការរៀបចំផែនការ និងការគ្រប់គ្រងថវិកានៅថ្នាក់ក្រោមជាតិប្រព្រឹត្តទៅដោយមានតម្លាភាព ប្រសិទ្ធភាព និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាប្រកបដោយចក្ខុវិស័យវែងឆ្ងាយ គឺជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ុំ រាត្រី បានបន្ថែមថា ផែនការយុទ្ធសាស្ត្រថវិកាសម្រាប់ឆ្នាំ២០២៥-២០២៦ នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍សំខាន់ៗរបស់ខេត្ត ដោយផ្តោតលើវិស័យអាទិភាពដូចជា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល ការអប់រំ និងការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងអនុវត្តផែនការនេះ ដោយធានាថា រាល់គម្រោងថវិកាទាំងអស់សុទ្ធតែមានមូលដ្ឋានច្បាស់លាស់ និងអាចវាស់ស្ទង់បាននូវលទ្ធផល។

លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញលម្អិតអំពីខ្លឹមសារនៃសារាចរណែនាំ និងនីតិវិធីបច្ចេកទេសសម្រាប់ការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២៦បានលើកឡើងពីចំណុចគន្លឹះមួយចំនួន រួមមាន គោលបំណង និងគោលការណ៍សំខាន់ៗ នៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកា។ ដំណាក់កាលនីមួយៗនៃដំណើរការរៀបចំគម្រោងថវិកា ចាប់ពីការប្រមូលទិន្នន័យ ការវិភាគតម្រូវការ រហូតដល់ការដាក់ស្នើ និងអនុម័ត។ ការប្រើប្រាស់ឧបករណ៍ និងទម្រង់បែបបទ ដែលចាំបាច់ក្នុងការរៀបចំសំណើសុំថវិកាប្រកបដោយស្តង់ដារ និងងាយស្រួលក្នុងការត្រួតពិនិត្យ។ ការសង្កត់ធ្ងន់លើគណនេយ្យភាព និងតម្លាភាព ក្នុងការប្រើប្រាស់ថវិកា ដើម្បីធានាថា រាល់ការចំណាយទាំងអស់សុទ្ធតែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងគោលដៅដែលបានកំណត់។
លោក បឹង គឹមសឹង ក៏បានពន្យល់ពីសារៈសំខាន់នៃការ ធ្វើសមាហរណកម្ម រវាងផែនការអភិវឌ្ឍន៍មូលដ្ឋាន និងផែនការថវិកា ដើម្បីធានាថា ធនធានហិរញ្ញវត្ថុត្រូវបានបែងចែកទៅតាមអាទិភាពអភិវឌ្ឍន៍របស់ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
សូមជម្រាបថាកិច្ចប្រជុំនេះបានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួម ដែលបង្ហាញពីឆន្ទៈក្នុងការអនុវត្តតាមសារាចរណែនាំនេះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍខេត្តបន្ទាយមានជ័យឱ្យកាន់តែរីកចម្រើននាពេលអនាគត៕
ដោយ ឈុន សារ៉ាត





