ឧត្តមសេនីយ៍ទោ សោម ស៊ុន អំពាវនាវដល់ប្រជានេសាទកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបិទនេសាទ
AKP កំពង់ធំ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអំពាវនាវដល់ប្រជានេសាទកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបិទនេសាទ ក្នុងឱកាសអញ្ជើញដឹកនាំសហការី រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តនាំយកទៀនព្រះវស្សា ប្រេងម៉ាស៊ូត បច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តពៅវ៉ើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលតែងតែមានការព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនិងព្រះសង្ឃ ព្រមទាំង ពុទ្ធបរិស័ទទាំងអស់ និងសូមប្រគេនពរជូនដល់ព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់សូមទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនសុខភាពល្អ អាយុយឺនយូរដើម្បីចូលរួមចំណែកក្នុងការកសាងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជូនអំពីជំហររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការយកតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបីក្នុងការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃនេះ។ ដោយឡែកនៅតំបន់ផ្សេងទៀតបន្តធ្វើការដោះស្រាយដោយសន្តិវិធីតាមអនុស្សរណៈយោគយល់គ្នានៃប្រទេសទាំងពីរនៅឆ្នាំ២០០០។

ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជានេសាទទាំងអស់សូមកុំប្រើប្រាសឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់បានហាមឃាត់ក្នុងរដូវបិទនេសាទដើម្បីទុកពេលវេលាសម្រាប់ត្រីពងកូនធ្វើឱ្យមច្ឆជាតិសំបូរឡើងវិញ សម្រាប់ប្រជាពលរដ្ឋយើងទាំងអស់គ្នា និងចៀសវាងការបំពានច្បាប់នាំឱ្យមានទោសទណ្ឌដល់ខ្លួន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បានប្រគេនទៀនព្រះវស្សាចំនួន១គូ ប្រេងម៉ាស៊ូតចំនួន១០០លីត្រ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទេយ្យទាន សាដកនិងបច្ច័យមួយចំនួនដល់ព្រះសង្ឃសម្រាប់ចាត់ចែងប្រើប្រាស់តាមតម្រូវការក្នុងរយៈពេលគង់ចាំព្រះវស្សាដល់អស់ត្រីមាស។

ព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ លោកតាអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តពៅវ៉ើយបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការីសូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ)





