រដ្ឋបាលខេត្តកំពង់ឆ្នាំងរួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា
AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំនេះក្រោមប្រធានបទ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» នៅសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរក្រុង.ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកាយរិទ្ធិ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋសរុបជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ីវ រុន បានមានប្រសាសន៍ថា ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនមានគោលបំណងឆ្លុះបញ្ចាំងឱ្យឃើញពីតម្រូវការចាំបាច់ប្រកបដោយតម្លាភាពនៃការចូលរួមគាំទ្រទៅវិញទៅមក រវាងផ្នែកអនុវត្តន៍ច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ច ក្នុងការលើកកម្ពស់ប្រសិទ្ធភាព រួមគ្នាដោះស្រាយបញ្ហាស្មុគស្មាញ ។ ការខិតខំប្រឹងប្រែងរបស់យើងផ្សាភ្ជាប់ជាមួយនឹងពាក្យស្លោក «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។ បន្តពង្រឹងការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋានឱ្យកាន់តែសកម្ម ខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលជោគជ័យថ្មីៗដែលកំណត់ក្នុងទស្សនវិស័យនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែខិតប្រឹងប្រែងរួមគ្នា អនុវត្តតាមផែនការលុបបំបាត់ និងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បង្ការ ទប់ស្កាត់បង្រ្កាបបទល្មើសគ្រឿងញៀនក្នុងខេត្ត ឱ្យទទួលបានជោគជ័យបន្តទៀត។ ការរៀបចំចាត់ចែងយន្តការ ដឹកនាំយ៉ាងហ្មត់ចត់ និងច្បាស់លាស់នៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដោយមានការគាំទ្រពីគ្រប់ជ្រុងជ្រោយ គ្រប់ផ្នែកគ្រប់វិស័យ ទាំងក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅជំរុញការអនុវត្តឱ្យដំណើរការព្រមគ្នា ក្លាយជាជីវភាពនៃប្រព័ន្ធតួអង្គតែមួយប្រកបដោយការទទួលខុសត្រូវ រវាងការទប់ស្កាត់ តម្រូវការ និង ការទប់ស្កាត់ការផ្គត់ផ្គង់គ្រឿងញៀននៅក្នុងមូលដ្ឋាន និងទទួលបានមកវិញនូវជីវភាពធូរធាជូនប្រជាពលរដ្ឋ៕


ដោយ បៃ ស៊ីថុន





