កិច្ចប្រជុំអំពីការអភិវឌ្ឍវិស័យទេសចរណ៍ និងសហគមន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥-- អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីការអភិវឌ្ឍទេសចរណ៍ និងសហគមន៍ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដឹកនាំដោយលោក ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងលោក ស្រី គឿម មេឃុំស្រយង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋានជំនាញ ប្រធាន និងអនុប្រធានការិយាល័យនៃអាជ្ញាធរជាតិព្រះវិហារ លោកមេប៉ុស្តិ៍រដ្ឋបាលឃុំស្រយង់ តំណាងអាជីវករ និងម្ចាស់ចម្ការនៅក្នុង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារសរុបចំនួន២១នាក់។

គោលបំណងនៅក្នុងកិច្ចប្រជុំនេះ គឺដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធក្នុងតំបន់សម្រាប់រៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ នៅរមណីយដ្ឋានប្រាសាទកោះកេរ និងតំបន់ជុំវិញន។

កិច្ចប្រជុំនេះបានពិភាក្សាលើប្រធានបទសំខាន់ៗរួមមាន ការពង្រីកផលិតផលទេសចរណ៍ សម្បទាទេសចរណ៍ និងគុណភាពសេវាកម្មទេសចរណ៍ និងបានពិភាក្សាអំពីការរៀបចំ កសិទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍នានានៅក្នុង ឃុំស្រយង់ ការគ្រប់គ្រងអនាម័យនៅតាមទីសាធារណៈ ការកែច្នៃផលិតផលសម្រាប់ទេសចរឱ្យមានភាពទាក់ទាញ និងការផ្សព្វផ្សាយគោលដៅទេសចរណ៍៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





