ពលរដ្ឋក្រីក្រ ៤០ គ្រួសារនៅក្រុងប៉ោយប៉ែត ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៥--គ្រួសារងាយរងគ្រោះចំនួន ៤០ គ្រួសារ រួមមាន គ្រួសារក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីថ្ងៃពុធ ទី១៦ ខែកក្កដាឆ្នាំ២០២៥នេះ។

ការចែកអំណោយនេះធ្វើឡើងតាមរយៈការចុះសួរសុខទុក្ខដល់ខ្នងផ្ទះ ដោយមិនមានការប្រមូលផ្តុំឡើយ ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។
ការយកចិត្តទុកដាក់ និងការចុះសួរសុខទុក្ខតាមខ្នងផ្ទះ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានចាត់ឱ្យលោកស្រី ម៉េង គឹមហ៊ួយ សមាជិកាគណៈកម្មាធិការសាខា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនប្រជាពលរដ្ឋដោយផ្ទាល់។ ក្រុមប្រតិបត្តិសាខា សមាជិកគណៈកម្មាធិការអនុសាខាក្រុងប៉ោយប៉ែត ក្រុមការងារកាកបាទក្រហមសង្កាត់ប៉ោយប៉ែត និងក្រុមការងារកាកបាទក្រហមសង្កាត់អូរឫស្សី ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌នេះ។

គ្រួសារទាំង ៤០ គ្រួសារនេះ គឺមកពីសង្កាត់ចំនួន ២ ក្នុងក្រុងប៉ោយប៉ែត ដោយក្នុងនោះមាន ២០ គ្រួសារមកពីសង្កាត់ប៉ោយប៉ែត និង ២០ គ្រួសារទៀតមកពីសង្កាត់អូរឫស្សី។ ការចុះសួរសុខទុក្ខនេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដោយក្រុមការងារបានចុះដល់ទីលំនៅរបស់បងប្អូនប្រជាពលរដ្ឋម្នាក់ៗ ដើម្បីជៀសវាងការជួបជុំទ្រង់ទ្រាយធំ ដែលអាចបង្កជាហានិភ័យ។
នៅក្នុងឱកាសនោះ លោកស្រី ម៉េង គឹម ហ៊ួយ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី ដែលលោកមានការសោកស្តាយដោយមិនអាចអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់បាន។ លោកស្រីបានថ្លែងថា«ទោះបីជាឯកឧត្តមប្រធានមិនបានមកផ្ទាល់ក្តី ក៏ឯកឧត្តមតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកដែលកំពុងជួបការលំបាក។ អំណោយទាំងនេះ គឺជាទឹកចិត្តរបស់កាកបាទក្រហមកម្ពុជា ដែលតែងតែនៅជាមួយបងប្អូនគ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ»។
អំណោយដែលបានចែកជូនដល់មួយគ្រួសារៗរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មីជាតិ ១ កេស, ទឹកស៊ីអ៊ីវ ១ យួរ, មុង ១, ភួយ ១, និងថវិកាមួយចំនួន។ អំណោយទាំងនេះមានគោលបំណងជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូនដែលជាគ្រួសារងាយរងគ្រោះក្នុងមូលដ្ឋាន។

សកម្មភាពមនុស្សធម៌នេះបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងការបន្តជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុតក្នុងសង្គម ស្របតាមបាវចនារបស់កាកបាទក្រហមកម្ពុជា “កាកបាទក្រហមកម្ពុជាមានខ្ញុំ មានយើង”៕
ដោយ៖ ឈុនសារ៉ាត





